និយាយអំពីការធ្វើជំនួញ យើងមិនអាចនឹកឃើញភ្លាម ហើយចេញរកស៊ីភ្លាមៗនោះទេ មានរឿងច្រើនដែលទាមទារឲ្យយើងត្រូវគិតពិចារណាឲ្យបានម៉ត់ចត់ចៀសវាង ជួបបញ្ហាដោយមិនបានត្រៀមពេលចាប់ផ្តើមដំណើរការអាជីវកម្ម។ ជាមួយគ្នានេះ លោកកែវ ឡង់ឌី អគ្គនាយក្រុមហ៊ុន Sromoch Trading Solution និងប្រធានអភិវឌ្ឍន៍ជំនួញនៅ Baby Outlet Cambodia បាននឹកឃើញ ៤ចំណុចសំខាន់ពិសេស មិនអាចខ្វះបាន នៅពេលយើងចេញរកស៊ី។
លោកកែវ ឡង់ឌី បានមានប្រសាសន៍ថា នៅពេលធ្វើជំនួញលោកនឹកឃើញពាក្យ Innovation (ការបង្កើតថ្មី) ត្រូវធ្វើអ្វីដែលថ្មី ហើយប្លែក យើងមិនអាចធ្វើដូចគេទំាងអស់បាននោះទេ ព្រោះបើធ្វើដូចគេ ហើយមកក្រោយគេ នោះអតិថិជនច្បាស់ជាមិនជ្រើសរើសយកយើងនោះឡើយ។ លោកបានបញ្ជាក់ថា យើងមិនចាំបាច់រកអ្វីដែលប្លែក ដែលពិភពលោកគ្មានសោះនោះទេ តែយើអាចចាប់ជ្រើសយកមុខរបរដូចគេ តែត្រូវតែធ្វើឲ្យខុសពីគេ។ វាចំណុចសំខាន់បំផុត សម្រាប់ជំនួញ ព្រោះជាចំណុចស្នូល និងចំណុចពិសេសនៃអាជីវកម្មរបស់យើងតែម្តង ដោយសារគេគ្មាន។
លោកបានបន្តថា ចំណុចសំខាន់មួយទៀតគឺ «បេសកកម្ម» ជំនួញជាបេសកកម្មមួយដ៏ធំ ជាបេសកកម្មប្រចាំជីវិតរបស់យើង។ ហើយជំនួញកើតចេញពីការដាក់ទុនកេរ្តិ៍ឈ្មោះ កិត្តយស លុយកាក់ខំសន្សំកន្លងមកនឹង គឺដាក់ក្នុងជំនួញនឹងតែម្តង។ ដូច្នេះបើជំនួញយើងបរាជ័យ វាស្មើនឹងបេសកកម្ម ឬជីវិតយើងបរាជ័យ។ លោកបានសង្ងត់ធ្ងន់ថា ដើម្បីឲ្យបេសកកម្មមួយជោគជ័យ ត្រូវតែបង្កប់ដោយភាពជឿជាក់ ទេពកោសល្យ បទពិសោធន៍ ព័ត៌មាន ចំណេះដឹងជាច្រើន ហើយវាធ្វើឲ្យយើងសប្បាយជាមួយបេសកកម្មទំាងនេះ។ ហើយអ្វីដែលយើងគិតថា បើយើងធ្វើតាមបេសកកម្មរបស់យើងនោះវា និងជោគជ័យ១០០% តែបារម្ភតែយើងធ្វើវាមិនបានតែប៉ុណ្ណោះ ដូចអ្វីដែលយើងបានគិត។
លោកបានបន្ថែមថា អ្វីពិសេសទៀតនោះគឺ ភាពរំភើបរីករាយ ហើយវាស្តែងចេញពេលដែលយើងគិតថា ប្រសិនបើខ្ញុំធ្វើបែបនេះ វានិងបានលទ្ធផលបែបនេះ ឬបែបនោះ ចេះតែរុញច្រានយើងឲ្យសប្បាយរីករាយក្នុងការធ្វើវាជាប្រចាំ។
ចំណុចពិសេសចុងក្រោយ គឺហានិភ័យ លោកបានពន្យល់ថា ជាទូទៅក្នុងជំនួញតែងមានហានិភ័យ ប៉ុន្តែវាមិនអាចធ្វើឲ្យយើងភ័យនោះទេ ហើយយើងក៏មិនត្រូវខ្លាចហានិភ័យពេកដែរ។ យើងត្រូវតែរៀបចំផែនការធ្វើយ៉ាងណា ដើម្បីគ្រប់គ្រងហានិភ័យ មិនអាចរងចាំទាល់តែហានិភ័យមកដល់ បានរកដំណោះស្រាយនោះទេ យើងត្រូវត្រៀមលក្ខណៈឲ្យបានល្អទុកជាមុន៕
Source www.business-cambodia.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/6140