ធ្វើអ្នកយកពត៌មាន៣០ឆ្នាំ ជួយសហគ្រិនម្នាក់ប្រឡូកក្នុងពិភព ពាណិជ្ជកម្មបានល្អ
លោក Jeff Kofman ជាអតីតអ្នកយកពត៌មាន អស់រយៈពេល៣០ឆ្នាំ និងបានបង្កើតក្រុមហ៊ុនមួយឈ្មោះ Trint ដើម្បីជួយដល់អ្នកយកពត៌មានផ្សេងទៀត អ្នកនិពន្ធ អ្នកសិក្សា និងមនុស្សគ្រប់គ្នា ដែលត្រូវការសរសេរកត់ត្រាពាក្យសម្តីទៅជាអក្សរ។ ក្រុមហ៊ុន Trint បានប្រើប្រាស់បច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត ដើម្បីបង្កើតកត់ត្រាពាក្យសម្តី ពីសំឡេងទៅជាអក្សរដោយស្វ័យប្រវត្តិ នៅក្នុងរយៈពេលយ៉ាងខ្លី។
<figure>
</figure>
លោកJeff ពន្យល់ថា “ខ្ញុំបានចាប់ផ្តើមធ្វើការ ក្នុងវិស័យទូរទស្សន៍នៅទសវត្ស១៩៨០ ក្នុងក្រុង Toronto។ ពេលនោះយើងសរសេរសំណាវសាច់រឿង សម្រាប់ទូរទស្សន៍ដោយប្រើប្រាស់អង្គុលិលេខ ហើយនៅពេលថតសំឡេង យើងត្រូវប្រើប្រាស់កាសែតយ៉ាងច្រើន។ ក្នុងពេលត្រូវការស្តាប់ឡើងវិញម្តងៗ ខ្ញុំត្រូវសាត្រឡប់ថយក្រោយ។ ៣០ឆ្នាំក្រោយមក កិច្ចការទាំងអស់នោះ ហាក់ដូចជាប្រែក្លាយទៅជាប្រវត្តិសាស្រ្តបុរាណមួយ។
នៅក្នុងមុខនាទីចុងក្រោយនៃអាជីព ជាអ្នកយកពត៌មាន លោកJeff បានធ្វើការជាអ្នកឆ្លើយឆ្លងប្រចាំក្រុង London របស់ទូរទស្សន៍ ABC News។ ប៉ុន្តែលោកបានសម្រេចចិត្តលាឈប់ ដោយហេតុផលផ្ទាល់ខ្លួនគឺលោកគិតថា ដល់ពេលដែលលោកត្រូវចាប់ផ្តើមធ្វើអ្វីមួយ ដែលខុសពីមុន។ លោកបានចាប់ផ្តើមសរសេរសៀវភៅ ហើយក៏ត្រូវគេជួលឱ្យបង្កើត កម្មវិធីសិក្សានៅតាមសកលវិទ្យាល័យ សម្រាប់អ្នកយកពត៌មានអាមេរិក និងកាណាដាដែលចង់ទៅរៀននៅក្រុង London។
ដោយចៃដន្យ លោកJeff បានជួបអ្នកបង្កើតកម្មវិធីកុំព្យូទ័រមួយចំនួន ដែលបានពិសោធន៍ក្នុងការបំប្លែងសម្តី និយាយទៅជាសំណេរអក្សរ ដោយស្វ័យប្រវត្តិ។ ហើយពេលនោះលោកJeff ក៏បានឃើញសក្តានុពល។ ប៉ុន្តែតើបទពិសោធន៍៣០ឆ្នាំ នៅក្នុងបន្ទប់ពត៌មាន ជួយលោកJeff បានដូចម្តេចក្នុងការធ្វើជា CEO ក្រុមហ៊ុនថ្មីមួយ?
លោកJeff ពន្យល់ថា “ខ្ញុំគិតថាមានមេរៀនច្រើនណាស់ ដែលខ្ញុំទទួលបានពីអាជីព ជាអ្នកសារពត៌មាន ហើយក្នុងនោះការសម្រេចចិត្តច្បាស់លាស់ គឺជាមេរៀនសំខាន់មួយ នៅពេលអ្នកចូលទៅក្នុងតំបន់គ្រោះថ្នាក់ ក្នុងសមរភូមិ និងក្នុងតំបន់ដែលស្គាល់មិនច្បាស់។ អ្នកត្រូវតែសម្រេចចិត្ត បើទោះជាត្រូវសម្រេចចិត្តខុសក៏ដោយ”។
មេរៀនសំខាន់មួយទៀត ដែលលោកJeff ទទួលបានពីអាជីព ជាអ្នកយកពត៌មាន ហើយយកមកអនុវត្តក្នុងការងារជា CEO គឺនៅពេលមានស្ថានការណ៍ ជ្រួលច្របល់ អ្នកត្រូវតែធ្វើចិត្តឱ្យនឹង។ លោកពន្យល់ថា “នៅពេលខ្ញុំកំពុងតែតាមដានស្ថានការណ៍ បដិវត្តន៍ហិង្សាក្នុងប្រទេសហៃទី មានភាពច្រួលច្របល់ ហើយខ្ញុំមិនអាចនៅស្ងៀមបាន។ ពេលនេះសន្តិសុខការពារខ្ញុំ បានប្រាប់ឱ្យខ្ញុំនៅឱ្យស្ងៀម ពីព្រោះបើរញេរញាយមិនអាចជួយអ្វីបានទេ។ ខ្ញុំក៏ដឹងភ្លាមថាគាត់និយាយបែបនោះត្រូវណាស់ ហើយខ្ញុំក៏រៀនរក្សាចិត្តឱ្យនឹង នៅគ្រប់ពេលជួបស្ថានការណ៍វឹកវ”។
Posted from my blog with SteemPress : http://khmernewsshare.com/archives/7396