បុរសសម្បូរវោហារដែលគេស្គាល់ថាជាអ្នកលក់ម៉ាំតាមផ្លូវ មានឈ្មោះថា ម៉ៅ បូរ៉ា រស់នៅទីក្រុងភ្នំពេញ បច្ចប្បន្នបានប្ដូរស៊េរីពីម៉ូតូកង់បី មកជាឡានកែច្នៃដែលដូចនឹងរថយន្ត Roll Royce ពណ៌លឿងស្រស់ដឹកម៉ាំលក់តាមផ្សារ។
<figure>
</figure>
លោក ម៉ៅ បូរ៉ា ដែលមានមាឌធំ និងមានការតុបតែងយានជំនិះទាក់ភ្នែកមហាជនរូបនេះ បានប្រាប់ Sabay ថា ចាប់តាំងពីលក់ប្ដូរស៊េរី មកជិះឡានកែច្នៃរបស់លោកដើម្បីលក់ម៉ាំមក លោកទទួលបានចំណូលកើនឡើងច្រើនមុនពីមួយថ្ងៃទៅមួយថ្ងៃ។
<figure>
<figcaption>(លោក ម៉ៅ បូរ៉ា ជិះឡានលក់ម៉ាំ)</figcaption></figure>
លោកប្រាប់ថា កាលមុនលោកលក់ដោយដឹកម៉ូតូកង់បី មួយថ្ងៃលក់ម៉ាំបានតែ ២០០កញ្ចប់ បានប្រាក់ចំណូលប្រហែល ២៥ដុល្លារអីទេក្នុងមួយថ្ងៃ តែពេលប្ដូរមកជិះឡាន Roll Royce លក់ម៉ាំវិញ ចំណូលឡើងដល់ទៅជាង ៣៥ ដុល្លារឯណោះ ពោលគឺអាចលក់បានដល់ ៣០០ ទៅ ៣៥០កញ្ចប់ក្នុងមួយថ្ងៃ។
<figure>
</figure>
លោកបានឲ្យដឹងថា ការចៃ្នឡាននេះ ជាគំនិតរបស់លោកផ្ទាល់ ព្រោះថាលោកគិតថាការរកស៊ីមិនអាចនៅដដែលៗបានទេ ត្រូវតែមានការច្នៃប្រឌិតថ្មីៗ។ លោកថា ចំណាយទៅលើកែច្នៃឡានដើរដោយម៉ាស៊ីនម៉ូតូវេវអាល់ហ្វា ក្នុងនោះរួមទាំងដាក់ធុងបាស ទូរដាក់ម៉ាំ និងឆ័ត្រ អស់ប្រាក់ប្រមាណជា ១០លានរៀល។ បុរសលក់ម៉ាំរូបនេះ រំពឹងថា ការអភិវឌ្ឍអាជីវកម្មថ្មីរបស់លោកនេះ នឹងផ្ដល់ឲ្យលោកនូវផលចំណេញរយៈពេលវែងឲ្យលោកវិញ។
ជាមួយគ្នានេះផងដែរ លោក ម៉ៅ បូរ៉ា ក៏បានសុំការយោគយល់ពីមន្ត្រីពាក់ព័ន្ធ ត្បិតថារយន្តកែច្នៃរបស់លោកមិនសមស្របតាមស្ដង់ដា តែវាបានជួយរកចំណូលឲ្យលោក ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់លោក៕