លីគកំពូលកម្ពុជារកឃើញ ៤ក្រុមឡើងវគ្គ Play-Off តែកៅអីកំពូលតារាង…!
(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៧ បានបញ្ចប់សប្ដាហ៍ទី២១ ហើយ ពោលគឺសល់១ទៀតប៉ុណ្ណោះ នឹងបញ្ចប់ការប្រកួតសន្សំពិន្ទុជើងទី២ ប៉ុន្ដែយ៉ាងណាពេលនេះ គេបានរកឃើញក្រុមជើងខ្លាំង ៤ក្រុមឡើងទៅលេងវគ្គ Play-Off រួមមានក្រុមព្រះខ័នរាជស្វាយរៀង បឹងកេត ណាហ្គាវើល និងក្រុមក្រសួងការពារជាតិ។ តែកៅអីកំពូលតារាង ដែលកំពុងគ្រប់គ្រងដោយក្រុមព្រះខ័នរាជស្វាយរៀងបច្ចុប្បន្ន នៅមិនទាន់ច្បាស់ធានាបាន ១០០% នោះទេ។
សម្រាប់ក្រុមម Top-4 ខាងលើ សុទ្ធតែរកបាន ៣ពិន្ទុបន្ថែមរៀងៗខ្លួន ក្នុងការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី២១ ពោលគឺក្រុមព្រះខ័នរាជស្វាយរៀង លត់ក្រុមភ្ញៀវវេស្ទើន ៤-២ ក្រុមក្រសួងការពារជាតិ យកឈ្នះក្រុមអាស៊ីអឺរ៉ុប ២-១ ក្រុមបឹងកេត យកឈ្នះក្រុម Cambodian Tiger ៣-១ និងក្រុមណាហ្គាវើល បានបំបាក់ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ដោយលទ្ធផល ៥-១។ ជ័យជម្នះនេះ គឺគ្រប់គ្រាន់ជួយក្រុមខ្លាំងទាំង៤ កក់កៅអីវគ្គ ៤ក្រុមចុងក្រោយ បើទោះបីសល់១ប្រកួតក្នុងដៃស្មើៗគ្នាក៏ដោយ។
ប៉ុន្ដែទោះជាបែបនេះក្ដី ក៏ក្រុមនីមួយៗ ត្រូវការ៣ពិន្ទុបន្ថែម ដើម្បីប្រជែងចំណាត់ថ្នាក់ល្អ នៅក្នុងការប្រកួតសន្សំពិន្ទុនេះផងដែរ ពិសេសគឺកៅអីកំពូលតារាង ព្រោះក្រុមឈរលេខ១ ក្នុងវគ្គសន្សំពិន្ទុ នឹងត្រូវឈរចាំប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ។ បច្ចុប្បន្នក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយមាន ៤៦ពិន្ទុ តាមពីក្រោយដោយក្រុមបឹងកេត និងក្រុមណាហ្គាវើលមាន ៤៥ពិន្ទុ រួមទាំងក្រុមក្រសួងការពារជាតិមាន ៤២ពិន្ទុ។ ដូច្នេះប្រកួតចុងក្រោយ ប្រសិនបើក្រុមណាភ្លាត់ចាញ់ លទ្ធផលកៅអីក្រុម Top-4 អាចនឹងមានការប្រែប្រួលភ្លាមៗតែម្ដង។
សូមបញ្ជាក់ថា រដូវកាលឆ្នាំ២០១៧ នេះ លីគកំពូលកម្ពុជា គឺអនុវត្តន៍រូបមន្ដប្រកួតថ្មី ដោយក្រុមឈរកំពូលតារាងពិន្ទុ នឹងត្រូវឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកក្រុមលេខ៣ និងលេខ៤ ត្រូវជួបគ្នាស្វែងរកអ្នកឈ្នះ ឡើងទៅជួបក្រុមលេខ២ បន្ទាប់មកក្រុមបន្ដទទួលបានជ័យជម្នះ ទើបអាចបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងតំណែងជើងឯក ជាមួយក្រុមឈរកំពូលតារាងផ្ទាល់តែម្ដង៕
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
<figcaption>លីគកំពូលកម្ពុជារកឃើញ ៤ក្រុមឡើងវគ្គ Play-Off តែកៅអីកំពូលតារាង...!</figcaption></figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/7358