តើអ្នកធ្លាប់មានអារម្មណ៍ដូចជាគ្មានបានប្រយោជន៍អ្វីសោះ បន្ទាប់ពីលេង Facebook អូសចុះអូសឡើងជាច្រើនម៉ោងដែរឬទេ? អ្នកប្រហែលជាត្រូវគាបសង្កត់ដោយព័ត៌មានផ្សេងៗជាច្រើនមកលើជីវិតរបស់អ្នក។ អ្នកប្រហែលជាមានអារម្មណ៍សោកស្ដាយដោយមិនបានបំពេញកិច្ចការអ្វីមួយឲ្យរួចរាល់។ អ្នកប្រហែលជាមានអារម្មណ៍អន់ចិត្តនៅពេលដែលឃើញជីវិតរបស់អ្នកដទៃដូចជាមានសេចក្ដីសុខ និងភាពសប្បាយរីករាយ ជាងជីវិតរបស់អ្នក។
តាមការសិក្សាស្រាវជ្រាវមួយនៅសហរដ្ឋអាមេរិកបានអះអាងថា៖ «នៅពេលអ្នកចំណាយពេលកាន់តែច្រើនទៅលើការលេង Facebook អ្នកនឹងកាន់តែមានអារម្មណ៍មិនល្អ»។
សូមបញ្ជាក់ថា ក្រុមហ៊ុន Facebook បានបញ្ជាក់ថា នឹងធ្វើការភ្ជាប់ទំនាក់ទំនងនិងការចែករំលែកព័ត៌មានជាមួយមនុស្សគ្រប់គ្នាលើពិភពលោក។ បច្ចុប្បន្ន មានមនុស្សប្រហែលជិត ២ពាន់លាននាក់ប្រើប្រាស់បណ្ដាញសង្គមយក្សមួយនេះជារៀងរាល់ខែ។
ប៉ុន្តែ បើយោងតាមការសិក្សាស្រាវជ្រាវមួយ របស់លោក Holly Shakya នៅសកលវិទ្យាល័យ California និងលោក Nicholas Christakis នៅសកលវិទ្យាល័យ Yale បានរកឃើញថា ការប្រាស្រ័យទាក់ទងគ្នា តាមរយៈបណ្តាញសង្គមធ្វើឲ្យអ្នកចុះខ្សោយសុខភាពផ្លូវចិត្ត ប្រមាណ ៨%។
ជាទូទៅ មនុស្សចំណាយពេល ១ម៉ោងជាមធ្យមទៅលើ Facebook ជារៀងរាល់ថ្ងៃ។
បើតាមការសិក្សាស្រាវជ្រាវមួយរបស់ Deloitte ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មសវនកម្ម ពន្ធ និងប្រឹក្សាយោបល់ ក្នុងសហរដ្ឋអាមេរិក បានរកឃើញថា រឿងដែលមនុស្សភាគច្រើនធ្វើមុនគេពេលងើបពីគេងគេ គឺស្រវាទូរស័ព្ទបើក Facebook។ នេះមានន័យថា មនុស្សភាគច្រើន ជំនួសឲ្យការប្រាស្រ័យទាក់ទងគ្នាតាមរយៈដោយផ្ទាល់ ជាមួយអ្នកដទៃ ពួកគេធ្វើការទំនាក់ទំនងគ្នាតាមរយៈ Facebook ទៅវិញ។
អស់រយៈពេលជាច្រើឆ្នាំមកហើយដែលការសិក្សាស្រាវជ្រាវជាច្រើន បាករកឃើញថា ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមអាចធ្វើឲ្យអ្នកបាត់បង់ការប្រាស្រ័យទាក់ទងតាមការជួបមុខគ្នាដោយផ្ទាល់ ធ្វើឲ្យបាត់បង់ការចូលរួមសកម្មភាពផ្សេងៗ ធ្វើឲ្យអ្នកបង្កើតទម្លាប់អង្គុយច្រើន និងធ្វើបាបខ្លួនឯងច្រើន។
ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃគឺជាមានឥទ្ធិពលជាអវិជ្ជមានទៅលើអាកប្បកិរិយារបស់មនុស្ស។ មនុស្សតែងតែព្យាយាមបង្ហាញពីទិដ្ឋភាពជីវិតល្អៗរបស់ពួកគេទៅលើបណ្ដាញទំនាក់ទំនងសង្គមប៉ុន្តែព្យាយាមលាក់នូវរឿងដែលមិនសប្បាយចិត្ត ដែលធ្វើឲ្យមនុស្សដទៃទៀតតែងប្រៀបធៀបជីវិតរបស់ពួកគេទៅនឹងជីវិតរបស់អ្នកទាំងនោះ។
តែមានការសង្ស័យថា តើមនុស្សដែលមានបញ្ហាសុខភាពផ្លូវចិត្តចូលចិត្តប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ឬក៏បណ្ដាញទំនាក់ទំនងសង្គមធ្វើឲ្យមនុស្សមានបញ្ហាផ្លូវចិត្ត?
គេបានធ្វើតេស្តលើមនុស្សពេញវ័យចំនួន ៥ ២០៨នាក់ដែលតំណាងឲ្យចំនួនប្រជាជនក្នុងសហរដ្ឋអាមេរិក ហើយគេបានធ្វើការគ្រប់គ្រងទៅលើការប្រើប្រាស់ Facebook របស់អ្នកទាំងនោះអស់រយៈពេលជាង២ឆ្នាំ។
ការសិក្សានោះបានធ្វើការវាយតម្លៃលើចំនួនតំណភ្ចាប់ (links) ដែលពួកគេបានចូលមើល ការបញ្ចេញគំនិតលើ (Status) ការបង្ហោះ(post)ដែលត្រូវបានគេចូលចិត្ត(like) និងការតាមដានផ្សេងៗដូចជា ការពេញចិត្តនឹងជិវិតរស់នៅ សុខមាលភាពសុខភាពផ្លូវកាយ និងផ្លូវចិត្តជាដើម។
តាមលទ្ធផលបានបង្ហាញថា ការប្រាស្រ័យទាក់ទងគ្នាតាមរយៈការជួបដោយផ្ទាល់មានផលប៉ះពលជាវិជ្ជមានលើសុខមាលភាពរបស់មនុស្ស ខណះដែលការប្រើប្រាស់ Facebook ក្នុងការទំនាក់ទំនងគ្នា មានផលប៉ះពាល់ជាអវិជ្ជមានទៅលើសុខមាលភាពរបស់មនុស្សម្នាក់ៗ។ ជាមួយគ្នានេះដែរ លទ្ធផលទាំងនេះបានបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពផ្លូវចិត្តរបស់របស់មនុស្សផងដែរ។
ពួកគេក៏បានរកឃើញផងដែរថា អ្នកដែលចូលចិត្តចុច Like លើការបង្ហោះ និងការចុចចូលទៅកាន់តំណ(link)ផ្សេងៗរបស់អ្នកដទៃ មានការធ្លាក់ចុះនូវសុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងមិនសូវមានការពេញចិត្តនឹងជីវិតខ្លួនឯង។
ទំនាក់ទំនងក្នុងប្រព័ន្ធឌីជីថលជួយឲ្យអ្នកមានការប្រាស្រ័យទំនាក់ទំនងរវាងគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ញឹកញាប់ជាងមុនក្នុងជីវិតប្រចាំថ្ងៃ។ ប៉ុន្តែ អ្នកសិក្សាស្រាវជ្រាវបានមានព្រមានផងដែរថា ការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃលើប្រព័ន្ធអិនធឺណេត មិនអាចជំនួសការប្រាស្រ័យទាក់ទងដោយផ្ទាល់បាននោះទេ៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/6024