This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

តើ CEO ថ្មីរបស់ Google គឺជានរណា?

Words
129
Reading
1 min
9y
Listen to this post
~1 min


Google គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​និង​ឈរ​នៅ​លើ​លំដាប់​កំពូល​គេ​របស់​ពិភពលោក។ តើ​មាន​នរណា​ម្នាក់​ដែល​កំពុង​តែ​ប្រើប្រាស់​អ៊ីនធឺណិត តែ​ចៀស​ផុត​មិន​ប្រើប្រាស់​សេវាកម្ម​យ៉ាង​ទូលំទូលាយ​ឥត​មាន​ដែន​កំណត់​ដែល​ក្រុមហ៊ុន Google បាន​ផ្ដល់​ឲ្យ​ជីវិត​រស់នៅ​របស់​ពួក​យើង​ទេ ? Google ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ដោយ​ស្ថាបនិក​២រូប​គឺ​លោក Harry Page និង​លោក Sergey Brin។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១៥ ដំណែង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុនGoogleទាំងមូល ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​អ្នក​បច្ចេកវិទ្យា​ជនជាតិ​ឥណ្ឌា​មួយ​រូប​គឺ​លោក Sundar Pichai។ តើCEO​ថ្មី​របស់Google​ជា​នរណា ? ហេតុអ្វី​ទើប​លោក​អាច​ឡើង​មក​កាន់​ដំណែង​ជា​អ្នក​កាច់​ចង្កូត​ក្រុមហ៊ុនGoogleបាន ?

កាល​ពី​ឆ្នាំ​២០១៥ ស្ថាបនិកGoogle លោក Harry Page បាន​ប្រកាស​ជា​សាធារណ​ក្នុង​ការ​ប្រគល់​ដំណែង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Google ឲ្យ​ទៅ​អតីត​អនុ​ប្រធាន​ជាន់​ខ្ពស់​លោក Sundar Pichai ហើយ​លោក Harry នឹង​ផ្លាស់ប្ដូរ​ការ​យកចិត្តទុកដាក់​របស់​គាត់​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ដែល​ទើប​នឹង​បង្កើត​ថ្មី​មួយ​ទៀត​របស់Googleគឺ Alphabet ជាមួយ​នឹង​ដៃគូ​សហការ​ដដែល​គឺ​លោក Sergey Brin។

CEOរបស់Google លោក Pichai កើត​ចេញ​ពី​ត្រកូល​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម​មួយ​របស់​ឥណ្ឌា ដែល​មាន​ឪពុក​ជា​វិស្វករ​អគ្គិសនី​និង​ម្ដាយ​ជា​អ្នកstenographer។ គ្រួសារ​របស់​គាត់​រស់នៅ​ផ្ទះ​ដែល​មាន​បន្ទប់​តែ​២​ប៉ុណ្ណោះ ហើយ​គ្រួសារ​របស់​គាត់​មិន​មាន​ទូរស័ព្ទ​ប្រើប្រាស់​រហូត​ទាល់​តែ​គាត់​មាន​អាយុ​បាន​១២ឆ្នាំ និង​គ្រាន់តែ​ជា​ទូរស័ព្ទ​លើ​តុ​ដែល​បង្វិល​លេខ​ដើម្បី​ចុច​ហៅ​ចេញ​ប៉ុណ្ណោះ។ លោក Pichai បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​លោហធាតុ​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​របស់​ឥណ្ឌា (Indian Institute of Technology)។

ការ​បោះ​ជំហាន​បន្ទាប់​ដ៏​ធំ​នៅ​ក្នុង​ឆាក​ជីវិត​របស់​គាត់​គឺ​នៅ​ពេល​គាត់​ទទួល​បាន​អាហារូបករណ៍​មក​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Stanford ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ គាត់​ក៏​បាន​រៀបរាប់​ថា គាត់​តែងតែ​ចូលចិត្ត​បច្ចេកវិទ្យា​រហូត​មក ហើយ​ក៏​តែងតែ​សុបិន​ស្រមៃ​ពីSilicon Valley ដែល​ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​បច្ចេកវិទ្យា​កំពូលៗ​ដែល​អ្នក​កំពុង​តែ​ប្រើប្រាស់​នេះ។

មុន​នឹង​លោក Pichai បាន​បោះ​ជើង​ចូល​ក្រុមហ៊ុន Google នៅ​ឆ្នាំ​២០០៤ លោក​គឺជា​វិស្វករ​ក្នុង​ឧស្សាហកម្ម​មួយ​រូប​របស់​ក្រុមហ៊ុន Applied Material និង​ជា​អ្នក​ប្រឹក្សា​គ្រប់គ្រង​ឲ្យ​ក្រុមហ៊ុន McKinsey&Company។

លោក Pichai បាន​លើក​ឡើង​គំនិត​របស់​ខ្លួន​ទៅ​កាន់​ស្ថាបនិក​លោក Harry Page និង​លោក Sergey Brin ដើម្បី​ចង់​ឲ្យGoogleមាន​កន្លែង​សម្រាប់search​របស់browser​ដោយ​ខ្លួនឯង។ លទ្ធផល​ដែល​នាំ​ទៅ​រក​សមិទ្ធផល​ជោគជ័យ​ដ៏​ធំធេង​របស់Google គឺជា Chrome browser ដែល​កំពុង​តែ​មាន​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ថែមទាំង​ស្ថិត​ក្នុង​ជម្រើស​កំពូល​គេ​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ។

ប្រព័ន្ធ​ប្រតិបត្តិការAndroid ដែល​ធ្លាប់​តែ​នៅ​ដាច់​ដោយ​ឡែក​ពីGoogle ក្នុង​ឆ្នាំ​២០១៣​ក៏​ត្រូវ​បាន​អតីត​អនុ​ប្រធាន​ជាន់​ខ្ពស់​របស់Google​រូប​នេះ​គ្រប់គ្រង​ទាំងស្រុង ហើយ​ចាប់​ពី​ពេល​នោះ​មក​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Pichai ក៏​បាន​ដើរ​តួអង្គ​ដ៏​សំខាន់​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​ប្រព័ន្ធ​ប្រតិបត្តិការAndroid​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ដែរ។ ភាព​ជោគជ័យ​ទាំងនេះ​ក៏​បាន​នាំ​លោក​ទៅ​កាន់​ដំណែង​ខ្ពស់​ជាង​មុន​បន្ទាប់​ទៀត ដែល​ត្រូវ​ទទួល​ខុសត្រូវ​ស្ទើរ​តែ​គ្រប់​ផលិតផល​ទាំងអស់​របស់​Google ដែល​ក្នុង​នោះ​រួម​មាន search, maps, Google+ ជាដើម។

ស្ថាបនិក​លោក Harry Page បាន​លើក​សរសើរ​ដោយ​ក្ដី​ពេញចិត្ត​នៅ​ក្នុង​ថ្ងៃ​ប្រគល់​ដំណែង​ជា​នាយក​ប្រតិបត្តិ​ទៅ​ឲ្យ​លោក Pichai ចំពោះ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​លោក​ក្នុង​ការ​សម្លឹង​ឃើញ​អ្វីៗ​ដែល​នៅ​ខាង​មុខ និង​អាច​ដឹកនាំ​ក្រុម​ដើម្បី​សម្រេច​នូវ​កិច្ចការ​ដ៏​សំខាន់ ហើយ​គាត់​ក៏​បាន​លើកឡើង​បន្ថែម​ថា នៅ​ពេល​និយាយ​ពី​ផលិតផល ពួក​យើង​តែងតែ​ត្រូវ​រ៉ូវ​គ្នា​ជានិច្ច ដែល​នេះ​ហើយ​បាន​ធ្វើឲ្យ​គាត់​ពិត​ជា​ស័ក្ដិសម​បំផុត​សម្រាប់​ដំណែង​មួយ​នេះ។

លោក Pichai គឺជា​អ្នក​ដឹកនាំ​មួយ​រូប​ដែល​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ពី​បុគ្គលិក​ទាំងអស់ ហើយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តែងតែ​រៀបរាប់​ពី​អត្តចរិត​របស់​គាត់​ជា​មនុស្ស​ដែល​គិត​បាន​ស៊ីជម្រៅ​និង​មាន​ក្ដី​មេត្តា​ដល់​អ្នកដទៃ។ ម្យ៉ាងទៀត​លោក​ក៏​ទទួល​បាន​ការ​អបអរសាទរ​ពី​ប្រធានាធិបតី​របស់​ឥណ្ឌា Narendra Modi នៅ​ក្នុង​ថ្ងៃ​លោក​ទទួល​បាន​ដំណែង​ជា​CEO​ថ្មី​របស់Google​ផង​ដែរ៕

Source www.bizkhmer.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/5228