This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ធនាគារ​កូរ៉េ​ទិញ​យក​ធនាគារ Cam Capital

Words
152
Reading
1 min
9y
Listen to this post
~1 min

<figure>
</figure>
<figure>Content image - Phnom Penh Post
<figcaption>អគារ​ការិយាល័យ​កណ្តាល​របស់​ធនាគារ Daegu នៅ​កូរ៉េ​ខាង​ត្បូង។ រូបថត សហការី</figcaption></figure>
ភ្នំពេញៈ ធនាគារ​កូរ៉េ Daegu កាលពី​ថ្ងៃ​ពុធ​បាន​សម្រេច​ទិញ​ភាគ​ហ៊ុន ១០០ ភាគរយ​ពី ធនាគារ​ឯកទេស Cam Capital ដែល​ជា​ធនាគារ​ឯកទេស​ធំ​ជាង​គេ​ទី​ពីរ​នៅ​កម្ពុជា​ គិត​តាម​ទ្រព្យសកម្ម ដោយ​មាន​តម្លៃ​ជា​ទឹក​ប្រាក់ ៦៣,២១​ លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​សារ​ព័ត៌មាន​កូរ៉េ​។

សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង The Korea Herald កាលពី​ម្សិលមិញ​បាន​រាយការណ៍​ថា ធនាគារ Daegu បាន​ដាក់​លិខិត​ផ្លូវ​ការ​ទៅ​អាជ្ញាធរ​ហិរញ្ញវត្ថុ​កូរ៉េ​ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​ទិញ​ភាគហ៊ុន​ពី Cam Capital កាលពី​ថ្ងៃ​ពុធ ហើយ​បាន​បញ្ជាក់​ថា​ នេះ​ជា​ការ​ទិញ​ភាគហ៊ុន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​ក្រៅ​ប្រទេស​របស់ DGB Daegu ទី​បី​ហើយ​បន្ទាប់ពី​ធ្លាប់​មាន​ការ​ទិញ​ភាគ​ហ៊ុន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​ចិន និង​វៀតណាម​រួច​មក​។

NBC ដែល​ជា​និយតករ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​មិន​អាច​ទាក់ទង​ធ្វើ​ការ​បញ្ជាក់ និង​អត្ថាធិបាយ​ពី​កិច្ច​ព្រម​ព្រៀង​ទិញ​លក់​ភាគហ៊ុន​នេះ​បាន​នៅ​ឡើយ​ទេ​កាលពី​ម្សិលមិញ​។

លោក Stephen Higgins ស្ថាបនិក និង​ជា​សហ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ Mekong Strategic Partners (MSP) បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា កិច្ច​ព្រម​ព្រៀង​នេះ​ជា​និន្នាការ​មួយ​ដែល​បង្ហាញ​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​ក្នុង​ចំណោម​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​នេះ ដែល​ត្រូវ​បាន​ស្វាគមន៍​នៅ​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​កម្ពុជា​។

យ៉ាង​ណា​ក៏​ដោយ លោក​បញ្ជាក់​ថា មិន​មាន​ចំនួន​ធនាគារ​ច្រើន​ទេ​ដែល​ចង់​លក់​ភាគហ៊ុន​របស់​ខ្លួន​នា​ពេល​នេះ​។

លោក​ថ្លែង​ថា​៖ «​បើ Cam Capital នៅ​តែ​ជា​ធនាគារ​ឯកទេស ជំហាន​បន្ទាប់​របស់​គ្រឹះស្ថាន​នេះ​ពិត​មែន​មិន​អាច​ប្រាកដ​បាន​នោះទេ អ៊ីចឹង​នៅ​ពេល​មាន​ធនាគារ​ពាណិជ្ជ​ចូល​មក​ទិញ​ភាគហ៊ុន​ដូច្នេះ វា​ហាក់​ដូច​ជា​សម​ហេតុផល​ណាស់​ថា ធនាគារ​នេះ​អាច​វិវត្ត​ដោយ​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ​»​។

លោក​បន្ថែម​ថា​៖ «NBC ទំនង​ជា​មិន​អនុញ្ញាត​ឲ្យ Cam Capital ឡើង​ទៅ​ជា​ធនាគារ​ពាណិជ្ជ​ទេ ប្រសិន ធនាគារ​នេះ​មិន​មាន​ធនាគារ​ពាណិជ្ជ​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ចូល​មក​ជា​ភាគ​ហ៊ុនិក​ដ៏​សំខាន់​នោះ​»​។

គិត​ត្រឹម​ដំណាច់​ឆមាស​ទី១​ឆ្នាំ​នេះ ធនាគារ​កូរ៉េ Daegu មានទ្រព្យ​សកម្ម​សរុប​៤៣​ពាន់​លាន​ដុល្លារ​។ ធនាគារ​ឯកទេស Cam Capital វិញ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​កម្ពុជា ​កាលពី​ឆ្នាំ ​២០០៩ ហើយ​ប្រតិបត្តិការ​សាខា​ ៥ ជាមួយ​នឹង​បុគ្គលិក​ចំនួន​ ២៦០ ​នាក់​។

យោង​តាម​របាយការណ៍​ត្រួត​ពិនិត្យ​របស់ NBC គិត​ត្រឹម​ឆ្នាំ​ ២០១៦ ធនាគារ Cam Capital មាន​ទ្រព្យ​សកម្ម​សរុប ៨៦,៥ លាន​ដុល្លារ ជា​ធនាគារ​ឯកទេស​ធំ​ទី​ពីរ​បន្ទាប់​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ ដែល​ជា​ធនាគារ​របស់​រដ្ឋ​ដែល​មាន​ទ្រព្យសកម្ម​ ១០១ លាន​ដុល្លារ​។ កាលពី​ឆ្នាំ ២០១៦ ធនាគារ Cam Capital ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ ៣,៣៨ លាន​ដុល្លារ​។

ការ​ទិញ​ភាគ​ហ៊ុន​នេះ​មិន​មែន​ជា​លើក​ដំបូង​នោះ​ទេ ដែល​ធនាគារ​របស់​ប្រទេស​កូរ៉េ​បាន​ទិញ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​។

កាលពី​ឆ្នាំ​២០១៤ ធនាគារ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង Woori Bank បាន​ទិញ​ភាគហ៊ុន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ Malis Finance កម្ពុជា​ក្នុង​តម្លៃ​ ៤,៩​ លាន​ដុល្លារ​។

កាលពី​ឆ្នាំ​មុន ធនាគារ Jeonbuk Bank ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន JB Financial Group បាន​ទិញ​ភាគហ៊ុន​៥០​ភាគរយ​ក្នុង​ធនាគារ​ពាណិជ្ជ​ភ្នំពេញ​។

ការ​ច្របាច់​បញ្ចូល​គ្នា និង​ការ​ទិញ​ភាគ​ហ៊ុន​នៅ​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​របស់​កម្ពុជា បាន​ក្លាយ​ជា​ធម្មតា​ទៅ​ហើយ ដោយ​សារ​ធនាគារ​ពាណិជ្ជ​បរទេស​ស្វែងរក​ការ​ចាប់​យក​កំណើន​ផ្ដល់​កម្ចី​ដ៏​រឹងមាំ​របស់​កម្ពុជា​។

និន្នាការ​នេះ​ត្រូវ​បាន​អ្នក​វិភាគ​មួយ​ចំនួន​បាន​ព្យាករ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​ ២០១៦ មក​ម្ល៉េះ​នៅ​ពេល NBC បាន​បង្កើន​តម្រូវ​ការ​ដើម​ទុន​អប្បបរមា​របស់​គ្រឹះស្ថាន​ធនាគារ ដែល​ប្រតិបត្តិការ​នៅ​កម្ពុជា ​ដោយ​បង្កើន​ពីរ​ដង​លើ​ចំនួន​កំណត់​ទុន​សម្រាប់​ធនាគារ​ពាណិជ្ជ និង​ធនាគារ​ឯកទេស និង​បង្កើន​១០​ដង​សម្រាប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​៕

Source www.postkhmer.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/4918