<figure>
</figure>
<figure>បន្ទាប់ពីចំណាយពេលត្រាំត្រែងអស់រាប់ឆ្នាំនៅតុលាការ ទីបំផុត Apple ទទួលបានជ័យជម្នះលើ Samsung ដោយនឹងទទួលបានសំណង ១២០ លានដុល្លារ។</figure>
<figure>
</figure>
តុលាការកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយថាខ្លួននឹងមិនបើកសវនាការនៃការប្ដឹងឧទ្ធរណ៍ចំពោះរឿងក្ដីរំលោភសិទ្ធប៉ាតង់រវាង Samsung និង Apple ឡើយ។ រឿងក្ដីនេះជាប់ទាក់ទងនឹងប៉ាតង់ slide-to-unlock ដ៏ល្បីរបស់ Apple រួមនឹងប៉ាតង់ Quick Link ជា Software ដែលធ្វើឲ្យព័ត៌មានដូចជាលេខទូរសព្ទក្លាយទៅជា Link មួយ។ គេរកឃើញថា Samsung បានរំលោភបំពានលើប៉ាតង់ទាំងពីរនេះ។
<figure>
</figure>
រឿងក្ដីនេះបានបើកសវនាការដំបូងនៅខែឧសភា ឆ្នាំ ២០១៤ ដោយពេលនោះចៅក្រមបានសម្រេចថា Samsung ពិតជាបានរំលោភបំពានប៉ាតង់របស់ Apple ហើយត្រូវសងជំងឺចិត្ត ១២០ លានដុល្លារ។ ជិតពីរឆ្នាំក្រោយការសម្រេចក្ដីនេះត្រូវបានតុលាការបដិសេធចោលវិញ ហើយមិនដល់មួយឆ្នាំផងការសម្រេចក្ដីនេះក៏ត្រូវបានតុលាការយកមកអនុវត្តន៍វិញ។ Samsung ក៏បានបន្តធ្វើការប្ដឹងឧទ្ធរណ៍ ប៉ុន្តែចុងក្រោយរឿងក្ដីនេះក៏បានឈានដល់ទីបញ្ចប់នៅថ្ងៃនេះ។
អ្នកតំណាងក្រុមហ៊ុន Samsung បានឆ្លើយតបនឹងលទ្ធផលចុងក្រោយនេះថា ៖ "សេចក្ដីសំអាងរបស់យើងទទួលបានការគាំទ្រពីមនុស្សជាច្រើនដែលជឿថាតុលាការគួរបើកសវនាការលើរឿងក្ដីនេះ ដើម្បីស្ដារឡើងវិញនូវស្តង់ដារយុត្តិធម៌ ដែលផ្សព្វផ្សាយពីការច្នៃប្រឌិត និងការពារការរំលោភបំពានលើប្រព័ន្ធប៉ាតង់”។ Samsung ក៏បានបន្ថែមថា ការសម្រេចក្ដីនេះនឹងបណ្ដោយឲ្យ Apple ទទួលបានប្រាក់ចំណេញមិនយុត្តិធម៌ពីប៉ាតង់មិនត្រឹមត្រូវ។
ការបញ្ចប់រឿងក្ដីមួយនេះ នៅមិនទាន់អាចបញ្ចប់សង្រ្គាមផ្លូវច្បាប់រវាង Samsung និង Apple នៅឡើយទេ។ ក្រុមហ៊ុនយក្សពីរនេះនៅសល់រឿងក្ដីធំមួយទៀតមិនទាន់បញ្ចប់ ជារឿងក្ដីដែលមានតម្លៃ ៤០០ លានដុល្លារ ដែលគ្រោងនឹងបើកសវនាការនៅខែឧសភាឆ្នាំក្រោយ៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/6130