ក្រុងប៉ារីស: រថយន្ដចម្លងផលិតពីឈើ 2CV របស់ក្រុមហ៊ុន Citroen ផលិតដោយជាងតុទូបារាំងម្នាក់ដោយប្រើឈើប្លែកៗ រួមមានដើមប៉ោម ដើមព័រ និងឈើររី ត្រៀមបង្ហាញភាពសង្ហាលើដងវិថី។
បុរសចូលនិវត្ដន៍ មីសែល រ៉ូប៊ីលឡាដ ចំណាយពេល ៦ ឆ្នាំដើម្បីបញ្ចប់ការផលិតរថយន្ដដ៏មហិមារបស់ខ្លួន ដែលអាចដំណើរការបានពេញលេញដោយមានឈ្មោះថា Umbrella on Wheels (ឆត្រលើកង់)។ វាជារថយន្ដផលិតឡើងដោយដៃសុទ្ធសាធ និងស្ទើរតែប្រើឈើពេញមួយតួរថយន្ដទៅហើយ។
បុរសដែលនាំបង្កើតរថយន្ដក្នុងក្ដីស្រមៃចេញជារូបនេះបានថ្លែងប្រាប់ AFP ថា គម្របមុខឆ្នូតៗត្រូវបានឆ្លាក់ឡើងពីក្ដារមួយបន្ទះ ហើយឆ្អឹងដំបូល ២២ ឆ្នូតរចនាឡើងដោយប្រើពន្លាក និងក្រដាសខាត់។
រថយន្ដ 2CV ដែលមានន័យថា «deuxchevaux» ឬថាមពលកម្លាំងពីរសេះ បានចេញលក់ឆ្នាំ ១៩៤៨ ខណៈ Citroen ប្រជែងនឹងម៉ូដែល Beetle របស់ Volkswagen។
លោក រ៉ូប៊ីលឡាដ បានរក្សាទុករថយន្ដឈើដ៏ភ្លឺរលោងរបស់ខ្លួនក្នុងរោងជាងនៅភាគកណ្ដាលប្រទេស ជាមួយនឹងគំរូគ្រោង ១៥ គ្រឿងផ្សេងទៀត។ រថយន្ដឈើនេះបំពាក់ជាមួយម៉ាស៊ីនហ្ស៊ីនរបស់ម៉ូដែលចុងក្រោយ 3CV ដែលវាមានថាមពលបន្ថែមលើសំណង់តួរថយន្ដឈើ។
<figure>
<figcaption>សូម្បីតែចង្កូត និងកៅអី ក៏ធ្វើពីឈើសុទ្ធដែរ។ AFP</figcaption></figure>
គ្រោងតួឈើរបស់វាត្រូវបានការពារពីកម្ដៅម៉ាស៊ីនដោយប្រើស្រទាប់អាំងសូលីន។ ក្រៅពីម៉ាស៊ីនគ្រោងដែក កង់ និងចង្កៀងមុខ និងគ្រឿងបន្លាស់ អ្វីៗទាំងអស់គឺជាស្នាដៃលោកច្នៃផលិតទាំងស្រុង។
លោកនិយាយថា៖ «គម្របភក់ធ្វើឡើងពីឈើ មិនខុសពីកៅអីរថយន្ដ ដែលភ្ជាប់មកជាមួយខ្នើយប្រកបដោយផាសុកភាពឡើយ»។
រថយន្ដឈើនៅមិនទាន់ឆ្លងកាត់ដំណាក់ត្រួតពិនិត្យបច្ចេកទេសនោះទេ តែវាក៏បានទាក់ចិត្ដមនុស្សម្នាច្រើននាក់ហើយដែរ។ យ៉ាងណាមិញ លោក រ៉ូប៊ីលឡាដ មិនលក់វាទេ ដោយចាត់ទុករថយន្ដដំបូងនេះថា «វាជាស្នាដៃក្រោយខ្ញុំលែងនៅលើលោកនេះ»។
លោកមានក្ដីសុបិនចង់តាំងបង្ហាញរថយន្ដឈើនៅសាលវិចិត្រ ឬចង់ឃើញវាតាមកញ្ចក់ទូរទស្សន៍ ឬភាពយន្ដ។ ជាងឈើចាប់អាជីពតាំងពីអាយុ ១៤ ឆ្នាំរូបនេះ បានចាប់ផ្ដើមផលិតរថយន្ដចម្លងពីឈើនេះតាំងពីទសវត្សរ៍ទី ៩០។
លោកបានឈ្នះពានជាច្រើន រួមទាំង ម៉ូតូ Harley Davidson និងរថយន្ដធុនតូចដែលប្រើពេលជាង ៥០០ ម៉ោង។ លោកបញ្ជាក់ថា៖ «គ្រាន់តែផលិតកង់ឈើមួយ ខ្ញុំត្រូវការពេលពេញមួយថ្ងៃ។ ទោះយ៉ាងណាខ្ញុំតែងតែព្យាយាមស្វែងរកអ្វីថ្មីប្លែក»៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/3317