This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

អ្វីជាការកំណត់គោលដៅជីវិតរបស់យុវជនដើម្បីទទួលបានជោគជ័យ

Words
154
Reading
1 min
9y
Listen to this post
~1 min


ការកំណត់គោលដៅជីវិតវាមានសារប្រយោជន៍សម្រាប់យុវជន ព្រោះជាការផ្តោតលើទិសដៅ និងកិច្ចការពិតប្រាកដនិយមមួយ។ វាជួយយុវជនឱ្យចេះតម្រង់សកម្មភាព​របស់ពួកគេឆ្ពោះទៅរកអ្វីដែលពួកគេចង់បានក្នុងជីវិត។ គោលដៅជីវិតមានភាពអស្ចារ្យណាស់ដោយសារវានឹងរុញយុវជនឱ្យរីកលូតលាស់ខ្ពស់ជាងមុន តាមរយៈកិច្ចការប្រកដនិយម ឬ ផែនការណ៍ជាក់លាក់ណាមួយ។

មាគ៌ានៃការកែច្នៃជីវិតគឺការចេះសំឡឹងឱ្យឆ្ងាយ និងរស់នៅជាមួយ​បច្ចុប្បន្ន ក្នុងភាពពិតជាក់ស្តែង។ ជាធម្មតា ពេលបច្ចុប្បន្នតែងមាន​ឧបសគ្គរារាំង ប៉ុន្តែការកំណត់គោលដៅជីវិតនឹងជួយយុវជនឲ្យចេះសំឡឹង​មើលអ្វីដែលនៅហួសពីឧបសគ្គ។ ពួកគេត្រូវការគោលដៅដើម្បីជួយពួកគេដើរឆ្លងកាត់ឧបសគ្គទំាងនោះ។ ជាបទពិសោធន៍ បើមានការកំណត់គោលដៅកាន់តែធំ និងខ្លាំង វានឹងជួយពួកគេឱ្យឆ្លងឧបសគ្គបានកាន់តែច្រើន។

កាលពីថ្ងៃទី៣ ខែកញ្ញា ម្សិលមិញ លោកបណ្ឌិតសាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចែករំឡែកចំណេះដឹងដល់យុវជនក្នុងការកំណត់គោលដៅជីវិត ដើម្បីជាពន្លឺសម្រាប់យុវជនក្នុងការដើរបោះជំហានទៅមុខដែលប្រកបដោយភាពជាក់លាក់មិនស្រពេចស្រពិល។

ក្នុងនោះលោកបានចែករំឡែកនូវគន្លឹះសំខាន់បួនយ៉ាងសម្រាប់កំណត់គោលដៅជីវិត៖

១) វាយតម្លៃ និងឆ្លុះបញ្ចាំង (Evaluate and reflect) ៖ ផ្លូវតែមួយគត់ដែលអាចឲ្យយុវជនសម្រេចចិត្តត្រឹមត្រូវថាពួកគេចង់បានអ្វីនាពេលអនាគត ហើយពួកគេធ្វើដំណើរទៅទីនោះដោយរបៀបណា គឺការដឹងថាពួកគេកំពុងនៅទីណានាពេលបច្ចុប្បន្ន ហើយពួកគេពេញចិត្ត​ស្ថានការណ៍ថ្ងៃនេះកំរិតណា។ គោលបំណងនៃការវាយតម្លៃមានពីរចំណុចសំខាន់ៗ ៖ ទី១) វាជួយយុវជនក្នុងការក្រឡេកមើលសមិទ្ធផលរបស់ពួកគេកន្លងមក និងការសំឡឹងមើលគោលដៅអនាគតរបស់ពួកគេឱ្យបានល្អិតល្អន់។ ទី២) វាប្រាប់ពួកគេថាពួកគេនៅទីណា ហើយពួកគេត្រូវធ្វើដំណើរចំណាយរយៈពេលប៉ុន្មាន។ ការវាយតម្លៃប្រាប់អ្នកអំពីចំណុចចាប់ផ្តើម។

២) កំណត់ក្តីសុបិន និងគោលដៅជីវិត (Define your dreams and goals) ៖ យុវជនអាចសុបិនចង់បានជីវិតមួយដែលប្រសើរផ្នែកហិរញ្ញវត្ថុ ផ្នែករាងកាយ ផ្នែកអារម្មណ៍ និងផ្នែកស្មារតី។ ពួកគេក៏ត្រូវបានបំពាក់ដោយសមត្ថភាព​ក្នុងការគិតដើម្បីដេញតាមក្តីសុបិនផងដែរ ហើយបន្ថែមពីនោះក៏មាន​សមត្ថភាពអាចរៀបចំផែនការ និង យុទ្ធសាស្រ្ត ដើម្បីធ្វើដំណើរឆ្ពោះទៅរក​ក្តីសុបិនផងដែរ។ អ្វីទៅជាក្តីសុបិន និងគោលដៅជីវិត? ក្តីសុបិនមិនមែនជាអ្វីដែលពួកគេមានហើយ ឬ ពួគេបានធ្វើហើយទេ តែជាអ្វីមួយដែលពួកគេចង់បាន។

៣) គោលដៅត្រូវតែអាចវាស់បាន (Make your goals S.M.A.R.T.) ៖ ពាក្យកាត់ជាភាសាអង់គ្លេសថា S.M.A.R.T. មានន័យថា (Specific )ច្បាស់លាស់ (Measurable)វាស់បាន (Attainable)ធ្វើបាន (Realistic)ប្រាកដនិយម (Time)មានកាលកំណត់។

ច្បាស់លាស់: គោលដៅល្អត្រូវឲ្យច្បាស់លាស់ ដោយមិនត្រូវស្រពិចស្រពិលទេ។ គោលដៅមិនច្បាស់លាស់នឹងបង្កើត​លទ្ធផលមិនជាក់លាក់។ គោលដៅមិនពេញលេញនឹងបង្កើត​លទ្ធផលមិនពេញលេញ។

វាស់បាន: ចូរកំណត់គោលដៅទាំងឡាយណាដែលអាចវាស់បាន។ ពោលគឺវាអាច“វាស់បានដោយច្បាស់ លាស់” ដើម្បីផ្គុំជាមួយ​គោលការណ៍ច្បាស់លាស់។

ធ្វើបាន: យុវជនមិនត្រូវកំណត់គោលដៅណាមួយដែលហួសពីការពិត និងមិនអាចធ្វើបានសោះឡើយ។

ប្រាកដនិយម: ពាក្យប្រាកដនិយមវាចេញមកពីពាក្យ “ប្រាកដ”។ គោលដៅវាត្រូវតែជាអ្វីមួយដែលប្រាកដជាអាចធ្វើបាននៅក្នុងជីវិតរបស់យើង។ វាមានគោលដៅជាច្រើនដែលគ្មានភាពប្រាកដនិយម ដែលនៅហួសពីការពិតជាក់ស្តែង។ ភាពប្រាកដនិយមអាចឲ្យអ្នកស្មានបានថា បើអ្នកធ្វើសកម្មភាព ក, ខ, គ អ្នកនឹងបានលទ្ធផល ឃ, ង រួចហើយអ្នកនឹងទៅដល់គោលដៅមួយ។ វាមិនមានន័យថា កុំកំណត់គោលដៅឲ្យធំពេកទេ។ គោលដៅជីវិតកាន់តែធំ កាន់តែប្រសើរ តែត្រូវឲ្យមានភាពប្រាកដថាអាចសម្រេចបានជាមួយ​ស្ថានការណ៍ជាក់ស្តែង។

មានកាលកំណត់: រាល់គោលដៅទាំងឡាយត្រូវមានពេលវេលាកំណត់ច្បាស់លាស់។ ទិដ្ឋភាពសំខាន់មួយនៃគោលដៅអស្ចារ្យទំាងឡាយគឺការមានកាលកំណត់ចុងបញ្ចប់មួយថា អ្នកអាចធ្វើដំណើរទៅដល់នៅពេលនោះ។ នៅពេលអ្នកធ្វើការ អ្នកប្រឹងដើរសំដៅទៅដោយយល់ដឹងអំពីពេលវេលា អ្នកប្រឹងធ្វើការដោយរស់រាន់ព្រោះអ្នកមិនចង់ឲ្យដំណើររបស់អ្នកហួសពេលកំណត់។ អ្នកអាចបែងចែកគោលដៅធំៗជាចំណែកតូចៗ ឬជាកង់ៗ សម្រាប់ងាយស្រួលវាស់ និងកំណត់ពេលវាលា។ ចូរកំណត់គោលដៅតូចៗទាំងនោះជាមួយពេលវេលាច្បាស់លាស់។ គោលដៅមួយដ៏ល្អគឺការមានកាលកំណត់ច្បាស់លាស់។

៤) មានគណនេយ្យភាព (Have accountability) ៖ នៅពេលនរណាម្នាក់ដឹងអំពីគោលដៅរបស់អ្នក គេនឹងជួយអ្នកឲ្យមានគណនេយ្យភាពដោយលើកសំណួរថា អ្នកមានការទទួលខុសត្រូវអ្វីខ្លះក្នុងការធ្វើដំណើរសម្រេចគោលដៅ។ គណនីភាពជាកម្លាំងរុញអ្នកក្នុងដំណើរការឆ្ពោះទៅគោលដៅ។ ប្រសិនបើគោលដៅត្រូវបានកំណត់ ហើយមានតែអ្នកតែម្នាក់គត់ដឹង វានឹងពុំមានថាមពលខ្លាំងក្លាទេ។ គោលដៅនឹងមានកម្លាំងរុញកាន់តែខ្លាំង​បើមានមនុស្សជាច្រើនជម្រុញអ្នកឲ្យមានការទទួលខុសត្រូវខ្ពស់៕

Source cfapost.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/4933

អ្វីជាការកំណត់គោលដៅជីវិតរបស់យុវជនដើម្បីទទួលបានជោគជ័យ | Ecency