អ្នកមិនចាំបាច់ត្រូវតែប្រមូលលុយសន្សំទាំងអស់ ឬឈប់ធ្វើការឱ្យគេ ដើម្បីទៅអនុវត្តគំនិតអ្វីមួយ ដែលអ្នកមាននោះទេ។ អ្នកក៏មិនចាំបាច់ត្រូវការសហស្ថាបនិក វិនិយោគិន ឬសរសេរផែនការពាណិជ្ជកម្មអ្វីទាំងអស់ ក៏អាចប្រែក្លាយគំនិត ឱ្យទៅជាការពិតបានដែរ។
<figure>
</figure>
មូលហេតុដ៏សំខាន់មួយ ដែលជំរុញឱ្យមានលទ្ធភាពងាយស្រួលបែបនេះ គឺដំណើរវិវត្តន៍បច្ចេកវិទ្យា ដែលបានរុញច្រាន ឱ្យមានចរន្តមួយឈ្មោះថា ការច្នៃប្រឌិតបើកទូលាយ។ លោក Stephen Key អ្នកនិពន្ធសៀវភៅ One Simple Idea បានពន្យល់ចរន្តមួយនេះ ក្នុងរបៀបជាដំណាក់កាល ដូចខាងក្រោមនេះ៖
១/ សិក្សាទីផ្សារ
នៅពេលអ្នកនឹកឃើញចង់បង្កើតផលិតផលអ្វីមួយ ដំបូងអ្នកត្រូវតែកំណត់វា ឱ្យច្បាស់តាមរយៈការស្រាវជ្រាវ នៅលើអ៊ីនធឺណិត និងរកមើលតាមគ្រប់មធ្យោបាយទាំងអស់ដើម្បីឱ្យដឹងថា តើផលិតស្រដៀងគ្នានេះ មានរួចហើយឬនៅ? សិក្សាអំពីផលិតផលទាំងនោះ យ៉ាងយកចិត្តទុកដាក់ និងរកមើលថា តើវាមានអត្ថប្រយោជន៍អ្វីខ្លះ? បើចង់ដឹងកាន់តែលម្អិតថែមទៀត អ្នកត្រូវអានអំពីការបញ្ចេញគំនិត យោបល់ពីអ្នកប្រើប្រាស់ផលិតផល ពីក្រុមហ៊ុន Amazon។ ប្រសិនបើអ្នករកឃើញថា គំនិតរបស់អ្នកមានគេអនុវត្តរួចហើយ ប៉ុន្តែមិនទាន់ត្រូវចិត្តទីផ្សារ អ្នកត្រូវសិក្សាស្រាវជ្រាវបន្ថែមទៀត រកមូលហេតុ។
២/ បង្កើតសម្រាប់ទីផ្សារ
មានមធ្យោបាយច្រើនណាស់ ក្នុងការប្រែក្លាយគំនិតថ្មី ឱ្យទៅជាផលិតផលជាក់ស្តែង។ អ្នកច្នៃប្រឌិតជាច្រើន ផ្តោតលើការដោះស្រាយបញ្ហាអ្វីមួយ ឬការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ចំណែកអ្នកខ្លះទៀត ចូលចិត្តស្វែងរកគំនិតកែច្នៃ ផលិតផលដែលមានស្រាប់ ឱ្យទទួលបានប្រជាប្រិយភាពឡើងវិញ ក្នុងការប្រើប្រាស់។ គំនិតងាយស្រួលបំផុត គឺការច្នៃប្រឌិតផលិតផល ដែលមានស្រាប់ ឬច្នៃរួមបញ្ចូលគ្នាផលិតផល ពីរឬបីទៅជាផលិតផលថ្មីមួយ ដែលមានប្រយោជន៍ និងតួនាទីច្រើន។
៣/ ជ្រើសរើសគំនិតសាមញ្ញមកផ្តោតដំបូងគេ
ដោយមិនចាំបាច់ចំណាយលុយ និងពេលវេលាច្រើន អ្នកអាចសម្រេចថា តើគំនិតរបស់អ្នកសក្តិសម នឹងអនុវត្តបន្តទៀតឬយ៉ាងណា។ អ្នកអាចធ្វើបែបនេះ បានតាមរយៈការជ្រើសរើស គំនិតសាមញ្ញមួយ មកផ្តោតជាដំបូង ពីគំនិតស្មុគស្មាញ ត្រូវការពេលវេលា លុយកាក់ និងការងារច្រើន។ តើអ្នកអាចរៀបរាប់អំពីគំនិតរបស់អ្នក ដោះស្រាយបញ្ហាអ្វីមួយ បានរហ័សនិងងាយស្រួលដូចម្តេច? តើអ្នកអាចបង្កើតស្នាដៃ តាមគំនិតនោះដោយប្រើប្រាស់បច្ចេកវិទ្យា ដែលមានស្រាប់បានឬទេ?
៤/ ប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់
នៅក្នុងដំណាក់កាលដំបូង អ្នកនៅមិនទាន់ដឹងថា តើគំនិតរបស់អ្នកអាចមានទីផ្សារ ឬយ៉ាងណានោះទេ។ ដូច្នេះហើយ ការចំណាយពេលនិងលុយកាក់ច្រើនពេក លើការបង្កើតគំរូផលិតផល មិនមែនជារឿងវៃឆ្លាតទេ។ ផលិតផលគំរូជាវត្ថុ ដែលមានប្រយោជន៍ ប៉ុន្តែវាមិនមែនជាផលិតផល សម្រាប់លក់ពិតប្រាកដទេ។ អ្នកខ្លះប្រើប្រាស់ក្រដាស ដើម្បីបង្កើតផលិតគំរូ ប៉ុន្តែសព្វថ្ងៃនេះ អ្នកអាចជួលមនុស្សជំនាញ ខាងរចនាបង្កើតគំរូ ដូចរបស់ពិតប្រាកដ បានដោយចំណាយអស់តិច។
៥/ ទៅរកក្រុមហ៊ុនណាដែលបង្កើតផលិតផលស្រដៀងនឹងគំរូរបស់អ្នក
ក្រុមហ៊ុនខ្លះដែលបើកទូលាយ ចំពោះការច្នៃប្រឌិត ព្រមទទួលយកគំនិតថ្មី ពីគ្រប់កន្លែងទាំងអស់។ ចំណែកក្រុមហ៊ុនផ្សេងទៀត ពឹងផ្អែកលើភាគីទីបី ដើម្បីស្វែងរកទំនាក់ទំនងឱ្យ។ ប៉ុន្តែសព្វថ្ងៃនេះ អ្នកក៏អាចប្រើប្រាស់បណ្តាញ LinkedIn បានយ៉ាងមានប្រសិទ្ធភាពដែរ។ ក្រុមហ៊ុនដែលបង្កើតផលិតផល ស្រដៀងគ្នានឹងផលិតផលរបស់អ្នក ជាសក្តានុពលដ៏ធំសម្រាប់ ទទួលបានអាជ្ញាបណ្ណ ចំពោះផលិតផលរបស់អ្នក និងនាំទៅរកការសម្រេច រូបរាងពិតប្រាកដ។
៦/ អនុវត្តយុទ្ធសាស្រ្តចរចាឈ្នះឈ្នះ
ផ្សំខ្លួនអ្នកជាមួយនឹងពាក្យពេចន៍គោលៗ ដែលត្រូវនិយាយ និងពាក្យពេចន៍ដែលឆ្លុះបញ្ចាំង ការចង់បានរបស់អ្នក។ ត្រូវចងចាំជានិច្ចថា អ្នកកំពុងតែបង្កើតភាពជាដៃគូ មិនមែនមកស្វែងរកការឈ្នះចាញ់នោះទេ។ ក្នុងការជួបចរចាដំណាក់កាលដំបូងៗ មិនចាំបាច់ប្រើប្រាស់បែបបទ ផ្លូវការពេកទេ ព្រោះវាជាការបង្ហាញភាពមិនទុកចិត្តគ្នា។
Posted from my blog with SteemPress : http://khmernewsshare.com/archives/6110