ទោះបីជាក្នុងពេលនេះបទចម្រៀង និង កេរ្តិ៍ឈ្មោះ នី រតនា ត្រូវបានមហាជនទាំងក្នុងក្រៅប្រទេសស្គាល់ច្រើនក្ដី ក៏អតីតបេក្ខជន Cambodian Idol រូបនេះមិនអាចបំភ្លេចបានចំពោះហេតុការណ៍កើតឡើងនៅរាត្រីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅ។
<figure>
</figure>
ទាក់ទងហេតុការណ៍ខាងលើនេះ នី រតនា បានប្រាប់ Sabay ថា ថ្ងៃទី ១ ខែ វិច្ឆិកា គឺជាថ្ងៃមួយដែលខ្លួនមិនអាចបំភ្លេចបានក្នុង១ឆាកជីវិតនេះ ព្រោះវាជាថ្ងៃជោគជ័យ បានកែប្រែជីវិតលោកពីមនុស្សធម្មតាម្នាក់ ទៅជាមនុស្សថ្មីម្នាក់ទៀត ដោយទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនទាំងក្នុង និងក្រៅស្រុក។
ម្ចាស់បទ"មហាឈឺ" បន្ថែមថា ក្រៅពីធ្វើឲ្យសាធារណៈជនស្គាល់ហើយនោះថ្ងៃទី ១ ខែ វិច្ឆិកា ក៏ជាថ្ងៃមួយបានជួយយឹតយោង ជីវភាពគ្រួសាររបស់ខ្លួនរស់នៅបានសុខស្រួល បើប្រៀបធៀបមុនពេលលោកក្លាយជាម្ចាស់ពានលេខ១ក្នុងកម្មវិធី Cambodian Idol រដូវកាលទី១ គឺខុសគ្នាឆ្ងាយ។
<figure>
</figure>
“ខ្ញុំមិនដែលបំភ្លេចទេបង ឲ្យតែដល់ថ្ងៃទី១ ខែ វិច្ឆិកា គឺខ្ញុំតែងតែនឹកឃើញជានិច្ច ព្រោះជាថ្ងៃជោគជ័យរបស់ខ្ញុំ ហើយខ្ញុំមានឡានជិះដូចសព្វថ្ងៃនេះ ក៏ដោយសារតែកម្មវិធី Cambodian Idol នេះដែរ ដូច្នេះខ្ញុំសូមអរគុណដល់ទូរទស្សន៍ហង្សមាស ព្រមទាំងផលិតកម្មហង្សមាស ដែលធ្វើឲ្យខ្ញុំមានថ្ងៃនេះ"។ នី រតនា រៀបរាប់។
នី រតនា គឺជាបេក្ខជនជយលាភីលេខ១ ក្នុងកម្មវិធី Cambodian Idol រដូវកាលទី១ កាលពីរាត្រីថ្ងៃទី ១ ឈាន ចូលទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅ បើគិតមកដល់ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះមានរយៈពេល២ ឆ្នាំ ត្រឹម៕