តើចំណុចអ្វីខ្លះដែលត្រូវយកមកថ្លឹងថ្លែង មុននឹងជ្រើសរើសទីតាំងធ្វើអាជីវកម្មរបស់អ្នក ?
មានគំនិតផ្ដួចផ្ដើមហើយ មានផលិតផលហើយ មានដើមទុនហើយ ទាំងនេះសុទ្ធតែជាជ្រុងសំខាន់ៗដែលជាកត្តារួមចំណែកកំណត់ពីភាពជោគជ័យរបស់អាជីវកម្មអ្នក។ យ៉ាងណាមិញ លើកលែងប្រភេទនៃការអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត បើអ្នកគ្មានកន្លែងជាក់លាក់មួយសម្រាប់ដំណើរការណ៍ផែនការអាជីវកម្មរបស់អ្នកទេនោះ ក្ដីស្រមៃរបស់អ្នកក៏មិនអាចក្លាយជាការពិតបាននោះដែរ។ ដូច្នេះសំណួរសួរថាតើចំណុចអ្វីខ្លះត្រូវយកមកគិតពិចារណា ដើម្បីថ្លឹងថ្លែងរកទីតាំងធ្វើអាជីវកម្មមួយដែលត្រូវគ្នាជាមួយនឹងអ្វីដែលអាជីវកម្មអ្នកត្រូវការ ?
១) ភាពងាយស្រួល៖ ចំណុចដ៏សំខាន់បំផុតជាដំបូងបង្អស់នោះគឺត្រូវស្គាល់ឲ្យច្បាស់ពីលក្ខណៈអាជីវកម្មរបស់ខ្លួនឯង ពុំនោះទេអ្នកក៏មិនអាចស្វែងរកទីតាំងណាមួយដែលអាចឲ្យអាជីវកម្មរបស់អ្នកលូតលាស់រីកចម្រើនបានដែរ។ ភាពងាយស្រួលគឺជាចំណុចទាក់ទាញដ៏ចម្បងដែលអ្នកត្រូវយកមកគិតជាអាទិភាព។ បើអាជីវកម្មរបស់អ្នកស្ថិតនៅក្នុងប្រភេទបោះដុំចែកចាយឥវ៉ាន់បន្ត នោះអ្នកត្រូវគិតពីភាពងាយស្រួលរបស់ផ្លូវធ្វើដំណើរសម្រាប់ដឹកជញ្ជូនឥវ៉ាន់មកកាន់ទីតាំងអាជីវកម្មរបស់អ្នក។
បើអាជីវកម្មរបស់អ្នកជាប្រភេទភោជនីយដ្ឋាន ហាងកាហ្វេ ឬក៏សណ្ឋាគារ ទាំងនេះសុទ្ធតែជាអាជីវកម្មដែលត្រូវការទីតាំងណាដែលមានកន្លែងចំណតទូលាយដែលអាចផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់អ្នក។ ចំណុចមួយទៀតដែលមានភាពសំខាន់ជាខ្លាំង ប៉ុន្តែមិនសូវទទួលបានការយកចិត្តទុកដាក់គិតគូរពីម្ចាស់អាជីវកម្មភាគច្រើន នោះគឺជាភាពសប្បាយរីករាយរបស់បុគ្គលិក។ តើទីតាំងដែលអាជីវកម្មអ្នកស្ថិតនៅនោះមានកន្លែងកម្សាន្តលំហែផ្លូវចិត្តដូចជាសួនច្បារ និងមានកន្លែងសម្រាប់ទទួលទានអាហារបានសមរម្យសម្រាប់បុគ្គលិករបស់អ្នកដែរទេ ? បើកាលណាផ្លូវចិត្តរបស់បុគ្គលិកមានសុខភាពល្អ នោះទើបពួកគេអាចមានកម្លាំងចិត្តជួយជំរុញការលូតលាស់របស់អាជីវកម្មអ្នកបាន។
២) ការប្រកួតប្រជែង៖ ការប្រកួតប្រជែងមិនមែនសុទ្ធតែវិជ្ជមានទាំងអស់ តែក៏មិនមែនសុទ្ធតែអវិជ្ជមានទាំងអស់នោះដែរ គឺវាអាស្រ័យលើប្រភេទអាជីវកម្មរបស់អ្នកដែរ។ ដូចជាអាជីវកម្មលក់រថយន្ត វាត្រូវការទីតាំងណាដែលនៅក្បែរហាងលក់រថយន្តផ្សេងៗទៀត ដើម្បីឲ្យអតិថិជនអាចថ្លឹងថ្លែងប្រៀបធៀបគ្នាដើម្បីជ្រើសរើសអ្វីដែលពួកគេចង់បានគ្រប់ជ្រុងជ្រោយ។
យ៉ាងណាមិញ បើសិនជាអាជីវកម្មអ្នកមានលក្ខណៈជាអាជីវកម្មដែលត្របាញ់ចំគោលដៅជាក់លាក់ណាមួយ ដែលមិនសូវមានគេធ្វើច្រើននៅតំបន់នោះ នោះអ្នកគួរតែជ្រើសរើសទីតាំងណាដែលនៅឃ្លាតឆ្ងាយពីកន្លែងរបស់អាជីវកម្មមួយទៀតដែលមានលក្ខណៈស្រដៀងគ្នានឹងអ្នក ព្រោះថាអតិថិជនដឹងថាពួកគេមិនមានជម្រើសច្រើននោះទេសម្រាប់ទិញផលិតផលមួយនោះ ដូច្នេះហើយពួកគេច្រើនតែជ្រើសទិញពីកន្លែងណាដែលពួកគេធ្លាប់តែទិញរហូតមក។
៣) ចម្ងាយពីអាជីវកម្មឬសេវាកម្មផ្សេងៗទៀត៖ មន្ទីរពេទ្យថែទាំសុខភាពប្រាកដជាមិនចង់នៅក្បែរក្លឹបកម្សាន្តអ៊ូអរ ហើយហាងលក់កាហ្វេក៏មិនចង់នៅស្ងាត់ចុងភូមិដាច់ដោយឡែកពីគេនោះដែរ។ ដូច្នេះហើយការគិតគូរពីចម្ងាយពីប្រភេទអាជីវកម្មផ្សេងទៀត ដែលអាចមានឥទ្ធិពលបែបណាចំពោះប្រភេទអាជីវកម្មរបស់អ្នកក៏ជាចំណុចដ៏សំខាន់ណាស់ដែរ ព្រោះដូចឧទាហរណ៍ជាក់ស្ដែងសម្រាប់ហាងកាហ្វេ ភាគច្រើនគឺគេធ្វើនៅជិតសាលាដែលសម្បូរសិស្សក្មេងៗ ព្រោះដឹងថាសិស្សសាលាដែលចេញពីរៀនភាគច្រើននឹងមកលំហែជជែកជាមួយមិត្តភ័ក្ដិនៅហាងកាហ្វេរបស់ពួកគេ៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/4971