ពែកមី ខំបណ្តុះកូនប្រុសឲ្យដើរតាមគន្លងសិល្បៈដូចជាខ្លួនទាំងក្មេងវ័យ
ភ្នំពេញៈ លោក ចែម ចាន់ដារ៉ា ហៅនាយ ពែកមី ជារៀមច្បងគ្រួសារនៃក្រុមតារាកំប្លែងរួមមាន នាយ គ្រឿន នាយ ក្រាន ក្រោយពីបានចាប់យកឱកាសសាងកេរ្តិ៍ឈ្មោះល្បីលើវិថីសិល្បៈកំប្លែងរហូតមានទ្រព្យធនធូរធាររៀងៗខ្លួនមកនោះ ក៏ស្រាប់តែថ្មីៗនេះ នាយ ពែកមី ក៏ដាក់ផែនការបណ្តុះកូនប្រុសពូជឲ្យប្រឡូកសិល្បៈតាមគន្លងខ្លួនទាំងក្មេងវ័យ។
នេះបើតាមសារមួយបង្ហោះចេញពីហ្វេសប៊ុកនាយ ពែកមី បានសរសេរថា បានបណ្តុះកូនប្រុសពូជកុមារា ហ៊ាទ្រី ហៅ អាតួ ចេះរកប្រាក់ចំណូលទាំងក្មេងវ័យផងដែរ។
ពែកមី បានសរសេរបន្តទៀតថា៖ «តស៊ូទៅកូន ប៉ាមានថ្ងៃនេះក៏ដោយសារសិល្បៈដោយសារបងប្អូនគាំទ្រដែរ។ ទំនេរពីការសិក្សា ប៉ាបង្រៀនកូនឲ្យចេះសម្តែង ដើរលើវិថីសិល្បៈបន្តពីប៉ា។ អាណិតកូនណាស់ សូមបងប្អូនជួយគាំទ្រការសម្តែងកូនខ្ញុំផង។ កុនរឿងអាតួកូនឪ នឹងបញ្ចាំងពេលឆាប់ៗនេះ សូមជួយស៊ែរផង បងប្អូន សូមអរគុណ»។
ចំពោះហេតុផលលម្អិតយ៉ាងណាបានជាខំបណ្តុះកូនប្រុសឲ្យដើរតាមគន្លងខ្លួននាយ ពែកមី មិនបានប្រាប់ឲ្យដឹងបន្ថែមនោះទេ ដោយលេខទូរស័ព្ទរបស់លោកភ្នំពេញប៉ុស្តិ៍បានទាក់ទងជាច្រើនដងមកតែគ្មានអ្នកលើក។
តែលោក ពែកមី ធ្លាប់បង្ហើបថា៖ «កំពុងតែបណ្តុះបណ្តាលកូនប្រុសឈ្មោះ រឹម សុរ៉ាហ៊ាទ្រី ហៅអាតួ ដែលមានវ័យ ៥ ឆ្នាំឲ្យហក់ចូលទៅក្នុងវិថីសិល្បៈបណ្តើរៗ និងអាចចេះរកប្រាក់ទាំងក្មេងខ្ចីបានទៀតផង» តាមរយៈការបណ្តាក់ទុនផ្ទាល់ខ្លួនជាង ២ ម៉ឺន ដុល្លារ ដើម្បីផលិតកុនដុំរឿង «អាតួកូនឪ» កាលពេលកន្លងមក ដោយក៏មានលោក ឌៀប សុវណ្ណដារ៉ា ជាចាងហ្វាងផលិតកម្មរេដភីឈ័រ នោះផងដែរ។
ទោះជាយ៉ាងណាសមិទ្ធផល និងកេរ្តិ៍ឈ្មោះរបស់តារាកំប្លែងពូកែវោហារ មិនចេះរីងស្ងួត សម្បូរទេពកោសល្យសម្តែង និងបានជួយជ្រោមជ្រែងបងប្អូនបង្កើតបីបួននាក់រួមមាននាយ គ្រឿន នាយក្រាន នាយប៉ូយ ឬអាប៉ូយ នោះ ក៏បានចូលសិល្បៈកំប្លែង និងបានចូលសម្តែងកុនរហូតដល់មានជីវភាពធូរធាររៀងៗខ្លួន និងបានសង់ផ្ទះដ៏ល្អប្រណីតជូនឪពុកម្តាយតម្លៃជិត ១០ ម៉ឺន ដុល្លារ នៅខេត្តស្វាយរៀង។
មិនបាច់ប្រាប់ក៏គេអាចសន្និដ្ឋានដឹងដែរថា កុនដំបូង ដែលជាការនិពន្ធ ដឹកនាំរឿង និងចំណាយប្រាក់ដោយនាយ ពែកមី នោះក៏មានតួសម្តែងពីសំណាក់កុមារា រឹម សុរ៉ាហ៊ាទ្រី ហៅអាតួ វ័យ ៤ ឆ្នាំ ដែលជាកូនប្រុសពូជលោកផ្ទាល់ធ្លាប់បានសម្តែងកុនលើកទី ១ រួចហើយដែរឲ្យផលិតកម្មរេដភីឈ័រ នាពេលកន្លងមកគឺរឿង «សង្សារខ្ញុំក្រមុំកូន ១» និងបន្ថែមវត្តមានកូនស្រីច្បងម្នាក់ទៀត ខណៈដែលតួសម្តែងរួមមានដូចជានាយ ពែកមី នាយគ្រឿន លោកប៊ីអាយជី លោកគ្រូបង្រៀនភាសាចិនចាង អ៊ីឈីន និងតារាសម្តែងប្រុសស្រីដទៃទៀត៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/3831