This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

តើការនៅស្ងប់ស្ងាត់ម្នាក់ឯងមានប្រយោជន៍បែបណាចំពោះការរស់នៅរបស់អ្នក ?

Words
57
Reading
1 min
9y
Listen to this post
~1 min


មាន​ឃ្លា​មួយ​ត្រូវ​បាន​លើកឡើង​ដោយ​លោក Wayne Dyer ដូច្នេះ​ថា៖ “អ្នក​មិន​អាច​ក្លាយ​ជា​មនុស្ស​ឯកា​បាន​ទេ បើ​សិន​ជា​អ្នក​ពេញចិត្ត​មនុស្ស​ដែល​អ្នក​នៅ​ឯកា​ជាមួយ”។ មនុស្ស​ម្នាក់ៗ​នៅ​លើ​លោក​នេះ​សុទ្ធតែ​មាន​សក្ដានុពល​ដែល​បង្កប់​នូវ​ក្នុង​ខ្លួន​ម្នាក់ៗ​រៀងៗ​ខ្លួន។ សង្គម​មួយ​ដែល​ពោរពេញ​មនុស្ស​ដែល​មិន​ស្គាល់​ថា​ខ្លួនឯង​ជា​នរណា​យ៉ាង​ពិត​ប្រាកដ ខ្លួនឯង​មាន​សក្ដានុពល​អ្វី អាច​សម្រេច​ភាព​អស្ចារ្យ​អ្វី​ខ្លះ​បាន នោះ​ពួកគេ​នឹង​ស្វះស្វែង​រក​ភាព​អស្ចារ្យ​ពី​ខាងក្រៅ ដើម្បី​មក​បំពេញ​តម្លៃ​ខាងក្នុង​ដែល​មាន​តែ​ភាព​ទទេ​ស្អាត​នេះ​ឯង។

អាល់ប៊ឺត អាញស្តាញ ធ្លាប់​និយាយ​ថា៖ “ចូរ​នៅ​តែ​ម្នាក់ឯង ព្រោះ​វា​នឹង​ទុក​ពេលវេលា​សម្រាប់​ឲ្យ​អ្នក​សង្ស័យ​សួរនាំ ស្វែងរក​ការ​ពិត មាន​ការ​ងឿងឆ្ងល់ និង​ជា​ពិសេស​គឺ​ធ្វើឲ្យ​ជីវិត​របស់​អ្នក​មាន​តម្លៃ​ខ្លឹមសារ​សម្រាប់​រស់នៅ”។ បើ​អ្នក​កាន់តែ​ស្ងប់ស្ងាត់ នោះ​អ្នក​នឹង​ស្ដាប់​ឮ​កាន់តែ​ច្បាស់។ បុគ្គល​ដែល​ពោរពេញ​ដោយ​គំនិត​ដ៏​អស្ចារ្យ​ទាំងឡាយ សុទ្ធតែ​ជា​មនុស្ស​ដែល​ពូកែ​សង្កេត។

តាម​ពិត​ទៅ​មនុស្ស​យើង​ម្នាក់ៗ​រៀន​សូត្រ​បាន​ច្រើន​បំផុត​ពី​ខ្លួនឯង គឺ​តាម​រយៈ​ការ​ស្វែងយល់​អំពី​ខ្លួនឯង អ្នក​ជា​នរណា តើ​ការ​គិត​របស់​អ្នក​មាន​លក្ខណៈ​យ៉ាង​ដូចម្ដេច​និង​មាន​ទំនោរ​ទៅ​រក​អ្វី ហើយ​ចាប់​អារម្មណ៍​ជ្រុង​បែប​ណា​នៃ​សាច់​រឿង វិជ្ជមាន​ឬ​អវិជ្ជមាន តើ​របៀប​នៃ​ការ​គិត​ដែល​អ្នក​តែង​មាន​កន្លង​មក​នេះ បាន​ជះ​ឥទ្ធិពល​និង​បង្ក​ជា​ដើម​ហេតុ​នៃ​ស្ថានការណ៍​ទាំងឡាយ​នៅ​ក្នុង​ជីវិត​អ្នក​យ៉ាង​ណា​ខ្លះ។

សូក្រាត​ដែល​ជា​ទស្សនវិទូ​ដ៏​ល្បីល្បាញ​បំផុត​មួយ​ប្រចាំ​សម័យ​ក្រិក​បុរាណ ធ្លាប់​និយាយ​ថា៖ “ចូរ​ប្រុងប្រយ័ត្ន​ជាមួយ​ភាព​ឥត​ខ្លឹមសារ​ដែល​ការ​រវល់​មមាញឹក​តបស្នង​មក​ឲ្យ​ជីវិត​វិញ”។ មនុស្ស​រវល់​មិនមែន​សុទ្ធតែ​ជា​មនុស្ស​ដែល​មាន​ជីវិត​រស់នៅ​និង​ការងារ​របស់​ខ្លួន​ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព និង​សុភមង្គល​នោះ​ទេ។ ព្រោះ​អ្នក​ត្រូវ​ជជីក​សួរ​បន្ត​ទៀត​ថា តើ​ពួកគេ​រវល់​អ្វី ដែល​នេះ​ទើប​អាច​បញ្ជាក់​ពី​គុណភាព​ជីវិត​រស់នៅ​របស់​មនុស្ស​ម្នាក់​បាន។

មនុស្ស​ដែល​មាន​ជីវិត​រស់នៅ​ដោយ​ខ្លឹមសារ​និង​សុភមង្គល គឺជា​មនុស្ស​ដែល​ដឹង​ថា​អ្វី​សំខាន់​និង​អ្វី​មិន​សំខាន់ អ្វី​មាន​ប្រយោជន៍​និង​អ្វី​ឥត​ប្រយោជន៍​សម្រាប់​ខ្លួនឯង រួច​ទើប​ពួកគេ​បូជា​ពេលវេលា​និង​ការ​ខិតខំ​របស់​ខ្លួន​តម្រង់​ទៅ​រក​កិច្ចការ​ទាំងឡាយ​ណា​ដែល​សំខាន់​និង​មាន​ប្រយោជន៍​អស់​ទាំងនោះ ព្រោះ​មនុស្ស​ប្រភេទ​នេះ​ដឹង​ច្បាស់​ថា​ដើម្បី​ផ្លាស់ប្ដូរ​ពិភពលោក​ខាងក្រៅ​បាន ពួកគេ​ត្រូវ​ដុសខាត់​និង​ផ្លាស់ប្ដូរ​ខ្លួនឯង​ឲ្យ​បាន​ល្អ​ប្រសើរ​ជា​មុន​សិន ពោល​គឺ​ត្រូវ​យក​ឈ្នះ​លើ​ខ្លួនឯង​ជា​មុន ទើប​ពួកគេ​អាច​យក​ឈ្នះ​ចិត្ត​មនុស្ស​នៅ​ខាងក្រៅ​និង​ស្ថានការណ៍​លំបាកៗ​ដែល​មក​រារាំង​ពួកគេ​នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​បាន៕

Source www.bizkhmer.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/6813
តើការនៅស្ងប់ស្ងាត់ម្នាក់ឯងមានប្រយោជន៍បែបណាចំពោះការរស់នៅរបស់អ្នក ? | Ecency