រៀនរបៀបទទួលបានប្រយោជន៍ច្រើនបំផុតពីព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ហើយកុំគិតថាក្រុមហ៊ុនរបស់អ្នកតូចពេកមិនគួរចូលរួម។
<figure>
</figure>
ក្នុងការដឹកនាំក្រុមហ៊ុនមួយ ពេលខ្លះអ្នកប្រហែលនៅគិតស្ទាក់ស្ទើរថាគួរចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មឬអត់ ពីព្រោះអ្នកនឹងត្រូវចំណាយពេលវេលា កម្លាំងបុគ្គលិក និងថវិកា។ វាជាការសម្រេចចិត្តសំខាន់មួយដែលអ្នកត្រូវគិតឱ្យច្បាស់មុននឹងប្រថុយ។ ទោះជាយ៉ាងណា ពិព័រណ៍ពាណិជ្ជកម្មមួយជោគជ័យអាចបើកសក្តានុពលមិនត្រឹមតែក្នុងការលក់ទេ ប៉ុន្តែក៏បង្កើនទំនាក់ទំនងនិងការទទួលស្គាល់ទៅក្នុងឧស្សាហកម្មទៀតផង។ ខាងក្រោមនេះជាគន្លឹះមួយចំនួនសម្រាប់ក្រុមហ៊ុនដែលចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មរយៈពេលយូរ៖
១/ ស្រាវជ្រាវជាមុន
ក្នុងមួយឆ្នាំៗមានព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មច្រើនណាស់ទាំងនៅក្នុងស្រុកនិងនៅក្រៅប្រទេស។ ព្រឹត្តិការណ៍ខ្លះផ្តោតតែលើគោលដៅជាក់លាក់នៃអ្នកចូលរួម ចំណែកព្រឹត្តិការណ៍ខ្លះទៀតព្យាយាមទាក់ទាញមនុស្សរាប់ពាន់នាក់ឱ្យចូលរួម។ មានប្រភពអ៊ីនថឺណិតជាច្រើនដែលអ្នកអាចស្រាវជ្រាវដឹងអំពីពេលវេលានិងទំហំនៃព្រឹត្តិការណ៍នីមួយៗ។ បើសម្រេចចិត្តថាចូលរួមហើយ អ្នកត្រូវស្វែងរកពត៌មានលម្អិតអំពីទីតាំង និងរបៀបស្នាក់នៅ។ ជាងនេះទៅទៀតអ្នកមិនត្រូវភ្លេចរឿងបញ្ជីចំណាយសម្រាប់បុគ្គលិក និងការដឹកជញ្ជូនទំនិញសម្រាប់តាំងបង្ហាញឡើយ។
២/ ការត្រៀមខ្លួនក្នុងពេលពិព័រណ៍
អ្នកអាចបង្ហាញឱ្យមនុស្សជាច្រើននាក់ឃើញផលិតផលក្រុមហ៊ុនរបស់អ្នក។ ដូច្នេះនៅពេលអ្នកសម្រេចចិត្តចូលរួម អ្នកត្រូវតៀមលក្ខណៈឱ្យបានត្រឹមត្រូវដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកចូលរួមដែលអ្នកនឹងក្លាយជាអតិថិជនរបស់អ្នក។
នៅពេលបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍ម្តងៗ អ្នកនឹងទទួលបាននាមបណ្ណ និងខិត្តបណ្ណជាច្រើន។ អ្នកត្រូវតែមានប្រព័ន្ធមួយដើម្បីកត់ត្រានិងចងចាំទំនាក់ទំនងទាំងអស់នេះទុក។ ព្យាយាមកត់សម្គាល់នាមបណ្ណណាដែលអ្នកគិតថាអាចនឹងក្លាយជាអតិថិជនគោលដៅរបស់អ្នក រួចទាក់ទងទៅគេក្នុងរបៀបគួរសមបំផុត។