ពេលខ្លះមនុស្សដែលចង់ក្លាយជាម្ចាស់អាជីវកម្ម ដោយខ្លួនឯងព្យាយាមសន្សំលុយ តាមធនាគារដោយរំពឹងទទួលបានការប្រាក់បន្តិចបន្តួច រង់ចាំឱកាសល្អដើម្បីអនុវត្តគំនិត ពាណិជ្ជកម្ម។ ប៉ុន្តែដើម្បីក្លាយទៅជាម្ចាស់អាជីវកម្ម ជោគជ័យបានគេត្រូវការ លើសពីការសន្សំលុយទៅទៀត គឺត្រូវមានទម្លាប់ហិរញ្ញវត្ថុខ្លះៗ៖
<figure>
</figure>
១/ ចំណាយឱ្យទាបជាងចំណូល
ទោះបីជាមានការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រប់រូបភាពដើម្បីទាក់ទាញមនុស្ស ឱ្យចាយលុយលើផលិតផល ឬសេវាកម្មដែលកំពុងតែពេញនិយម ឬល្អកម្រិតណាក៏ដោយ អ្នកមិនត្រូវចំណាយលុយ តាមការអូសទាញទាំងនោះឡើយ ប្រសិនបើវាមិនចាំបាច់សម្រាប់រូបអ្នក។ ឥរិយាបថហឺហាដែលគេរៀបចំឡើង ក្នុងរូបភាពផ្សព្វផ្សាយពាណិជ្ជកម្ម មិនមែនជាផ្លូវសម្រាប់មនុស្ស ដែលចង់បានជោគជ័យពិតប្រាកដទេ។
អ្នកនឹងមិនអាចសន្សំទ្រព្យសម្បត្តិបានឡើយ ប្រសិនបើអ្នកចាយទៅវិញភ្លាម ក្រោយពេលរកបាន។ តើអ្នកអាចមានវិន័យក្នុងការចាយវាយ ដោយរបៀបណានៅពេលដែលកំពុងតែមានការ ជំរុញពីវប្បធម៌ ចាយមុនសងក្រោយបែបនេះ? អ្នកត្រូវតែហ្វឹកហាត់ការពន្យាពេល បំពេញទឹកចិត្តខ្លួនឯង ពីព្រោះវាជាគន្លឹះជោគជ័យហិរញ្ញវត្ថុ។
២/ សន្សំឱ្យបានច្រើនជាងចាយ
អ្នកគួរតែកំណត់គោលដៅសន្សំលុយឱ្យបានច្រើន។ មនុស្សខ្លះព្យាយាមប្រាប់គេឯងថា កុំខ្វល់រឿងសន្សំលុយធ្វើអី ចាំដល់វ័យជាង៣០ឆ្នាំសិនទៅ។ មនុស្សដែលនិយាយបែបនេះ គឺជាមនុស្សដែលធ្វើការដើម្បីប្រាក់ខែ រហូតដល់អាយុជាង៦០ឆ្នាំ ហើយនៅតែឆ្ងល់ថា ហេតុអ្វីបានជាគេសន្សំលុយបានតិចម៉្លេះ។ មានអាថ៌កំបាំងច្រើនណាស់ ក្នុងការពង្រីកលុយ ប៉ុន្តែគ្មានអាថ៌កំបាំងអ្វីទាំងអស់ ក្នុងការសន្សំលុយ។ អ្នកគ្រាន់តែហាមឃាត់ចិត្តខ្លួនឯង មិនឱ្យចាយវាយខ្ជះខ្ជាយតាមការអូសទាញ មិនចាំបាច់ប៉ុណ្ណោះ។
៣/ ដោះបំណុលឱ្យអស់ ហើយជៀសវាងការទិញរបស់បង់រំលស់
មនុស្សសម័យថ្មីភាគច្រើន កំពុងតែលង់ខ្លួនក្នុងវប្បធម៌ទិញទំនិញ បង់រំលស់ពីព្រោះគេច្រើនតែយល់ថា បើមិនធ្វើបែបនេះ គេពិតជាមិនអាចមានលុយគ្រប់ ដើម្បីបានប្រើប្រាស់របស់ដែលគេចង់បាននោះទេ។ អ្នកខ្លះទៀតរហូតដល់និយាយថា បើគេរង់ចាំរហូតដល់សន្សំលុយគ្រប់ របស់ដែលគេចង់បាននោះ នឹងលែងពេញនិយមទៅហើយ។ ដោយសារតែផ្នត់គំនិតបែបនេះ ទើបមនុស្សជា ច្រើនផុងខ្លួនក្នុងបំណុល និងការប្រាក់ដោយមិនដឹងខ្លួន។ ដើម្បីទទួលបានសេរីភាពហិរញ្ញវត្ថុ អ្នកត្រូវតែដោះខ្លួន ឱ្យរួចពីបំណុលគ្រប់រូបភាពទាំងអស់ និងគេចឱ្យផុតពីអន្ទាក់នៃបំណុល។
Posted from my blog with SteemPress : http://khmernewsshare.com/archives/7052