ការសួរសំណួររកមូលហេតុ ឱ្យបាន៥ដងអាចជួយធានាថា គំនិតសហគ្រិនភាព របស់អ្នកមានភាពប្រាកដប្រជាឬអត់។
<figure>
</figure>
ធម្មជាតិរបស់មនុស្សចូលចិត្ត ជជីកដេញដោលណាស់ ហើយតាមពិតទៅការរៀនគិត និងវិភាគលើសំណួររកមូលហេតុ ជួយយើងបានច្រើនណាស់។ សហគ្រិនខ្លះយល់ថា ការសួរសំណួររកមូលហេតុ ឱ្យបាន៥ដង គឺជាមធ្យោបាយដ៏អស្ចារ្យមួយ ដើម្បីសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការចាប់ផ្តើមផ្សងព្រេង លើដំណើរពាណិជ្ជកម្មថ្មី។
សួរខ្លួនឯងរកមូលហេតុឱ្យបាន៥ដង ហើយត្រូវធ្វើឱ្យប្រាកដថា ក្នុងជំហាននីមួយៗ សំណួរបន្ទាប់របស់អ្នក សួរឱ្យចំចម្លើយដែលអ្នកទើបតែទទួលបាន ពីសំណួរមុន។ ធ្វើបែបនេះ នឹងជួយឱ្យអ្នកទទួលបានទំនុកចិត្ត កាន់តែខ្លាំងលើការសម្រេចចិត្តរបស់អ្នក ដែលបានជជីកដេញដោលដល់ឫសគល់។ បច្ចេកទេសនេះបង្កើតឡើង និងអនុវត្តជោគជ័យ នៅក្នុងក្រុមហ៊ុន Toyota ហើយក្រោយមកក៏ក្លាយទៅជាផ្នែកមួយ នៃកម្មវិធីបណ្តុះបណ្តាល របស់ក្រុមហ៊ុន Six Sigma ។
ការសួរខ្លួនឯងដដែលៗ មិនត្រឹមតែជួយឱ្យអ្នកជីកជ្រៅ ទៅក្នុងគំនិតមួយទេ ប៉ុន្តែវាក៏អាចបំភ្លឺអ្នកឱ្យមើលឃើញ កាន់តែច្បាស់ទាំងឱកាស និងឧបសគ្គ ហើយប្រហែលជានឹងនាំទៅរកគំនិតថ្មី បន្ថែមទៀត។
ឧទាហរណ៍ថាអ្នកចង់បើកភោជនីយដ្ឋានថ្មីមួយ ដូច្នេះអ្នកត្រូវសួរខ្លួនឯង អំពីមូលហេតុ។ ចម្លើយដំបូងរបស់អ្នក ប្រហែលជាដោយសារមានភោជនីដ្ឋាន ដែលជាបណ្តាញសាខាច្រើនពេក និងមិនសូវមានភោជនីយដ្ឋានឯកជន និងឯករាជ្យ។ បន្ទាប់មក អ្នកសួរខ្លួនឯងទៀតថា ហេតុអ្វីបានជាភោជនីយដ្ឋានឯកជន អាចនឹងមានការគាំទ្រ។
អ្នកប្រហែលជានឹងឆ្លើយថា មកពីក្មួយរបស់អ្នកទើបតែរៀនចប់ ពីសាលាចុងភៅ ហើយជាមនុស្សមានទេពកោសល្យ អាចបង្កើតមុខម្ហូបថ្មីប្លែកៗបាន។ សំណួរបន្ទាប់ អ្នកសួរមូលហេតុទៀតថា ហេតុអ្វីបានជាមុខម្ហូបថ្មីប្លែក អាចនឹងមានការគាំទ្រ? អ្នកប្រហែលជាឆ្លើយនឹងខ្លួនឯងថា គឺមនុស្សចូលចិត្តជម្រើសច្រើន សម្បូរបែប ហើយមនុស្សជាច្រើន ចង់សាកល្បងភ្លក្សរសជាតិមុខម្ហូប ដែលខុសពីហាងសាខា។
បន្ទាប់មកទៀត អ្នកត្រូវសួរខ្លួនឯងទៀតថា ហេតុអ្វីបានជាមនុស្សចូលចិត្តភ្លក្សមុខម្ហូបប្លែក? ចម្លើយរបស់អ្នកប្រហែលជាថា មកពីវាធ្វើឱ្យជីវិតមានអ្វីថ្មី ដើម្បីចង់ដឹង ហើយវាធ្វើឱ្យជីវិតមនុស្សរស់រវើក។ សំណួររកមូលហេតុទី៥ គឺអ្នកត្រូវសួរថា តើអតិថិជនចង់បានអ្វី ដូចដែលអ្នកគិតទុកនោះទេ?
Posted from my blog with SteemPress : http://khmernewsshare.com/archives/6782