មនុស្សគ្រប់គ្នាក្នុងវិស័យពាណិជ្ជកម្ម សុទ្ធតែធ្លាប់ភ័យខ្លាច។ ការភ័យខ្លាចឃុំឃាំងមនុស្ស ទុកក្នុងការងារដែលគេមិនចូលចិត្ត និងរារាំងមនុស្ស មិនឱ្យសម្រេចសុបិន្ត ក្នុងការគ្រប់គ្រងពាណិជ្ជកម្ម ដោយខ្លួនឯង។
<figure>
</figure>
នៅក្នុងសៀវភៅ Long Walk to Freedom មេដឹកនាំបដិវត្តន៍ និងក្រោយមកក្លាយជាប្រធានាធិបតី ប្រទេសអាហ្រ្វិកខាងត្បូងលោក Nelson Mandela សរសេរថា “ខ្ញុំរៀនដឹងថាភាពក្លាហាន មិនមែនជាអវត្តមាន នៃការភ័យខ្លាចទេ ប៉ុន្តែជាការយកឈ្នះការភ័យខ្លាច។ ចំពោះសហគ្រិនជោគជ័យវិញ ក៏គេដឹងច្បាស់របៀបយកឈ្នះ ការភ័យខ្លាចនិងកែប្រែផ្នត់គំនិត របស់គេដែរ។
១/ ខ្លាចបរាជ័យ
នៅក្នុងសៀវភៅ The Alchemist អ្នកនិពន្ធ Paulo Coelho សរសេរថា “មានតែរឿងម្យ៉ាងទេ ដែលធ្វើមិនឱ្យសុបិន្តក្លាយជាការពិត គឺការភ័យខ្លាចចំពោះបរាជ័យ”។ គ្មាននរណាម្នាក់ចង់បរាជ័យទេ។ ប៉ុន្តែនៅក្នុងមុខជំនួញ អ្នកពិតជាមិនអាចជៀសរួចឡើយ ហើយអ្នកត្រូវតែត្រៀមចិត្តទុកជាមុនថា វាគ្មានបញ្ហាអ្វីចំពោះអ្នកទេ។ គ្រប់សហគ្រិនទាំងអស់ សុទ្ធតែធ្លាប់បរាជ័យ ប៉ុន្តែគេរៀនពីបរាជ័យ និងស្វែងរកខ្លឹមសារពីបរាជ័យ។
២/ ខ្លាចចំពោះកង្វះកាតការយកចិត្តទុកដាក់
នៅពេលអ្នកគ្រប់គ្រងពាណិជ្ជកម្ម ផ្ទាល់ខ្លួនរបស់អ្នក គ្មាននរណាម្នាក់មកទទួលខុសត្រូវ ជំនួសអ្នកទេ។ ការធ្វើជាសហគ្រិន តម្រូវឱ្យមានការផ្តោតចិត្តយ៉ាងមុតស្រួច លើគោលដៅរបស់អ្នក និងយកចិត្តទុកដាក់ លើកិច្ចការនីមួយៗនៅចំពោះមុខ។ បើគ្មានផែនការការងារច្បាស់លាស់ទេ អ្នកប្រហែលជាងាយនឹងភ្លេចខ្លួន អង្គុយឬគេងមើលខ្សែភាពយន្ត ជាជាងធ្វើការ។ ប៉ុន្តែសហគ្រិនត្រូវតែមានវិន័យ ប្រសិនបើគេចង់បានជោគជ័យ មានន័យថាអ្នកត្រូវមានផែនការ និងរៀបចំពេលវេលា ក្នុងរបៀបវៃឆ្លាត។
៣/ ភ័យខ្លាចបាត់បង់គំនិតច្នៃប្រឌិត
សហគ្រិនពឹងអាស្រ័យលើគំនិតរបស់គេ។ ភាពច្នៃប្រឌិតនិងទស្សនវិស័យរបស់គេ គឺជាចលករជំរុញពាណិជ្ជកម្មរបស់គេ។ បើគ្មានកត្តាទាំងពីរនេះទេ គេគ្មានអ្វីទាំងអស់។ នៅលើគេហទំព័រក្រុមហ៊ុនVirgin ស្ថាបនិកRichard Branson សរសេរថា “គ្មានអ្វីមកជំនួសភាពច្នៃប្រឌិតបានទេ។ គំនិតបដិវត្តន៍ នឹងតែងតែរះឡើងទៅខ្ពស់ជាងគេជានិច្ច”។ ដើម្បីចិញ្ចឹមគំនិតច្នៃប្រឌិតរបស់អ្នក អ្នកត្រូវតែមានពេលវេលា សម្រាប់ផ្ទាល់ខ្លួនដើម្បីធ្វើសកម្មភាព។
៤/ ភ័យខ្លាចចំពោះការប្រថុយ
នៅពេលអ្នកបង្កើតពាណិជ្ជកម្មផ្ទាល់ខ្លួន អ្នកតែងតែមានការប្រថុយជានិច្ច។ អ្នកប្រហែលជាប្រមូលលុយសន្សំទាំងអស់ និងវិនិយោគពេលវេលាទាំងអស់របស់អ្នក។ ប៉ុន្តែគ្មានជោគជ័យណា ដែលកើតឡើងដោយមិនមាន ការប្រថុយនោះទេ។ សហគ្រិនល្អបំផុត ជាមនុស្សដែលមិនបណ្តោយឱ្យការប្រថុយ បំភ័យគេក្នុងការចាប់យកឱកាស។ ជំនួសឱ្យការគិតតែរឿងអវិជ្ជមាន គេផ្តោតចិត្តលើលទ្ធផល ដែលអាចនឹងកើតចេញ ពីការប្រថុយរបស់គេ។ នៅលើបណ្តាញសង្គម Twitter សហគ្រិនល្បីឈ្មោះ Robert Kiyosaki សរសេរថា “មនុស្សគ្រប់គ្នាអាចប្រាប់អ្នក អំពីភាពប្រថុយ ប៉ុន្តែសហគ្រិនអាចមើលឃើញ រង្វាន់ទៅវិញ”។
៥/ ភ័យខ្លាចចំពោះអស្ថិរភាពហិរញ្ញវត្ថុ
ក្នុងនាមជាសហគ្រិន អ្នកលែងពឹងអាស្រ័យលើប្រាក់ខែ ទៀងទាត់ទៀតហើយ។ អ្នកប្រហែលជាប្រមូលប្រាក់សន្សំទាំងអស់ មកវិនិយោគទៀតផង។ សម្ពាធទាំងអស់នេះ អាចនឹងធ្វើឱ្យមនុស្សខ្លះបារម្ភខ្លាំង។ ប៉ុន្តែប្រសិនបើអ្នកសំងំ នៅធ្វើការតែមួយកន្លែង ដោយសារខ្លាចបរាជ័យ អ្នកមិនអាចធ្វើអ្វីឱ្យខុស ពីគេបានទេ។ តាមរយៈការចាប់យកឱកាស ក្នុងស្ថានភាពហិរញ្ញវត្ថុ មិនច្បាស់លាស់ ប៉ុន្តែពោរពេញដោយសក្តានុពល អ្នកកំពុងតែបង្កើតវិសាលភាព សម្រាប់រីកចម្រើន និងជោគជ័យនៅខាងមុខ។
Posted from my blog with SteemPress : http://khmernewsshare.com/archives/6969