គ្មានមនុស្សណាម្នាក់នៅលើលោកនេះដែលមានការចេះដឹងសព្វគ្រប់ និងអាចធ្វើអ្វីគ្រប់បែបយ៉ាងបានដោយឯកឯងសោះនោះទេ ដែលមូលហេតុនេះហើយទើបបានជាមនុស្សយើងម្នាក់ៗតែងតែត្រូវការគ្នាជាបង្អែកទៅវិញទៅមក។ ថ្វីត្បិតតែយើងចាំបាច់ត្រូវពឹងផ្អែកអ្នកដទៃ ប៉ុន្តែអ្នកក៏ត្រូវមានខ្លួនឯងជាពំនឹងផ្អែកដ៏រឹងមាំតរៀងរហូតដែរ។ ដូចពាក្យស្លោករបស់ខ្មែរយើងបានពោលថា៖ “ខ្លួនទីពឹងខ្លួន” នោះឯង។
មានបញ្ហាខ្លះ ទំហំរបស់វានិងកម្រិតនៃភាពស្មុគស្មាញរបស់វានៅហួសពីអ្វីដែលដែនកំណត់នៃសមត្ថភាពនិងការចេះដឹងរបស់អ្នកអាចទៅដល់។ នៅក្នុងស្ថានការណ៍បែបនេះ មានតែការរកជំនួយពីអ្នកដទៃប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហានោះបាន។ ប៉ុន្តែ បើសិនជាបញ្ហានៅក្នុងស្ថានការណ៍ណាមួយមិនជំពាក់ជំពិនលំបាកហួសពីអ្វីដែលសក្ដានុពលរបស់អ្នកអាចឈោងទៅដល់ទេ នោះអ្នកគួរតែរៀនដោះស្រាយបញ្ហាដោយខ្លួនឯង។
តាមពិតទៅការចូលមកប្រឡូកប្រឡាក់ខ្លួននៅក្នុងស្ថានការណ៍លំបាកដោយខ្លួនឯង រៀនសិក្សាស្វែងយល់ និងស្វែងរកដំណោះស្រាយដោយខ្លួនឯង នោះអ្នកនឹងរៀនបានច្រើនហួសពីអ្វីដែលការបង្រៀននៅសាលាអស់រយៈពេលរាប់ឆ្នាំបានផ្ដល់ឲ្យអ្នក។ មុននឹងលាដៃសុំជំនួយពីនរណាម្នាក់ ត្រូវផ្អាកមកគិតបន្តិចថាតើបញ្ហាដែលអ្នកកំពុងតែប្រឈមមុខនោះ នៅហួសពីសមត្ថភាពរបស់អ្នកឬអត់ ហើយថាតើអ្នកបានប្រឹងប្រែងដោះស្រាយបញ្ហានោះអស់ពីលទ្ធភាពរបស់អ្នកយ៉ាងពិតប្រាកដដែរឬនៅ ?
អ្នកក្រៅមិនប្រាកដថាអាចនៅក្បែរអ្នកចាំផ្ដល់ជំនួយដល់អ្នករហូតនោះទេ ដែលមូលហេតុនេះហើយទើបអ្នកត្រូវចេះរកដំណោះស្រាយដោយខ្លួនឯង ចេះដោះខ្លួនឯងចេញពីចំណងបញ្ហាដើម្បីស្វែងរកផ្លូវសម្រាប់ចាកចេញដោយខ្លួនឯង ព្រោះថាមានតែខ្លួនឯងតែម្នាក់គត់ដែលអាចនៅជាមួយខ្លួនឯងរហូត។
ប៉ុន្តែអ្វីដែលរឹតតែសំខាន់ជាងនេះទៅទៀត នៅពេលអ្នករៀនដោះស្រាយបញ្ហាដោយខ្លួនឯង នោះអ្នកនឹងរៀនសូត្រដឹងថាបញ្ហានោះមានឫសគល់ចេញមកពីណា តើត្រូវធ្វើបែបណាទើបអាចចៀសវាងកុំឲ្យបញ្ហានេះកើតឡើងនៅលើកក្រោយទៀតបាន ? ម្យ៉ាងទៀត នៅពេលអ្នកដោះស្រាយតាមវិធីមួយដែលមនុស្សភាគច្រើនចំណាំតែប្រើហើយនៅតែស្រាយមិនចេញ នោះឧបសគ្គនេះនឹងជំរុញឲ្យសមត្ថភាពនៃការគិតរបស់អ្នកវិវត្តទៅរកវិធីថ្មីនិងច្នៃប្រឌិតជាងមុនក្នុងការដោះស្រាយបញ្ហា ដែលនៅពេលនោះអ្វីដែលអ្នកទទួលបានគឺជារូបភាពដែលកាន់តែទូលំទូលាយជាងមុនអំពីឫសគល់នៃបញ្ហាដែលកើតឡើងស្រដៀងៗគ្នានៅជុំវិញខ្លួនអ្នកផងដែរ។
អ្វីដែលអ្នកត្រូវចងចាំផងនោះគឺ ការរៀនដោះស្រាយបញ្ហាដោយខ្លួនឯងនឹងធ្វើឲ្យអ្នកស្វែងយល់ថាខ្លួនឯងជានរណាកាន់តែច្បាស់ជាងមុន៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/6948