ភ្នំពេញ: ដំណើរចាកចេញពីវិថីសិល្បៈទៅជំនួញលោក ហេង ប៊ុនលាភ ពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានគេសម្គាល់ថា ភាពហ៊ឺហាបានស្ទុះឡើងកាន់តែខ្លាំង ដែលមានឈ្មោះជាថៅកែសណ្ឋាគារដ៏ស្កឹមស្កៃលើទឹកដីអង្គរនោះផងដែរ។ ទន្ទឹមនោះអតីតតារាចម្រៀង និងសម្តែងល្បីលោក ហេង ប៊ុនលាភ ក៏ធ្វើឲ្យមហាជនភ្ញាក់ផ្អើលនឹងការបង្ហាញជម្រើសរថយន្តស៊េរីទំនើប សុទ្ធតែថ្លៃៗជាច្រើនគ្រឿងគួរឲ្យភ្ញាក់ផ្អើល។
ក្នុងសេរីភាពក្រៅវិថីសិល្បៈអតីតតារាសម្តែងនិងចម្រៀងលោក ហេង ប៊ុនលាភ ប្រែពីរោះពីសំនៀងអ្នកជុំវិញខ្លួនហៅថា «លោកថៅកែ» ក៏រមែងប្រើជីវិតសាមញ្ញ ដោយបង្ហាញនូវរូបថតជាហូរហែជាមួយក្រុមគ្រួសារមិត្តភក្ដិយ៉ាងសប្បាយរីករាយនៅតាមទីស្រុកស្រែជនបទ។
នៅមុននោះក្រោយពីបង្ហាញការសម្ពោធឡើងវីឡាដ៏ស្កឹមស្កៃលោកហេង ប៊ុនលាភបានបង្ហាញពីដំណើរដ៏សាមញ្ញនៅទីជនបទជាមួយនឹងមិត្តភក្ដិចាស់ជាមួយនឹងរថយន្តកាម៉ារីស៊េរីឆ្នាំ ៨០ ជាង ដែលមិនសមនឹងកាលីបអតីតតារាសម្តែងហើយល្បីទាំងមានទ្រព្យធនស្តុកស្ដម្ភធ្វើដល់ជាថៅកែសណ្ឋាគារនៅទឹកដីសៀមរាប។
តែយ៉ាងណាលោក ហេង ប៊ុនលាភ ក៏បានបកស្រាយផងដែរថា៖ «អ្វីដែលខ្ញុំធ្វើឬបង្ហាញក្នុងដំណើរនៅលើទីវាលដែលមានទេសភាពបៃតងស្រស់ក្នុងសម្លៀកបំពាក់ខោជើងប៉ាត់នោះគឺជាការស្រឡាញ់ហើយក៏ចង់រំឭកផងដែរពីអតីតកាលដែលយើងគួរតែកុំបំភ្លេចវា»។
ផ្ទុយពីភាពសាមញ្ញជាមួយនឹងរថយន្តស៊េរីឆ្នាំ ៨០ ជាងនោះអតីតតារាចម្រៀង និងសម្តែងដែលមានចំណងជីវិតដ៏ស្តុកស្តុម្ភជាកូនអ្នកជំនួញធំប្រចាំទឹកដីខេត្តពោធិ៍សាត់ លោក ហេង ប៊ុនលាភ ក៏បែរជាធ្វើឲ្យមហាជនដក ក ច្រហមាត់ បើកភ្នែកធំៗ ខណៈលោកបង្ហោះរូបរថយន្តថ្មីៗសន្លាងជាច្រើនគ្រឿងហើយឈរកាច់ រាងយ៉ាងសង្ហាជាមួយនឹងសារបែបលេងសើចផង។
ទាក់ទាញពីរូបឈរកាច់រាងផ្សំភាពសង្ហាឆ្លុះនឹងពណ៌រថយន្តជាច្រើនគ្រឿងចាំងផ្លេកៗនោះលោក ហេង ប៊ុនលាភ សរសរសារខ្លីថា៖ «គួរយកមួយណា?ទាយទៅមើល! បើអត់លុយអ៊ីចឹង»។
នៅពេលដែលមានចម្ងល់ការសួរនាំជាច្រើនថា «បងឡានបងច្រើនម្ល៉េះបង? ឡានថ្មីៗអ៊ីចឹងសមណាស់លោកថៅកែ សុំមួយមក»។
ឆ្លើយតបនឹងសំណួរអ្នកគាំទ្រនោះ តារាចម្រៀងនិងសម្ដែងប្រែជាថៅកែ លោក ហេង ប៊ុនលាភ ក៏តបទៅថា៖ «បងប្អូនចង់បានប៉ុន្មានឲ្យប៉ុណ្ណឹងសំខាន់បងប្អូនចង់បានវាអត់ ហើយចាំបាច់នោះគឺលុយ។ តែក៏មានការបង់រំលស់ដែរ»។
បន្ថែមការបង្ហាញនៅក្នុងបណ្តាញសង្គមឲ្យដឹងថា លោក ហេង ប៊ុនលាភ ពេលនេះក្រៅពីថៅកែសណ្ឋាគារនៅទឹកដីសៀមរាប លោកជាថៅកែលក់ឡានស៊េរីទំនើបៗ ផងដែរ។
លោកក៏បានប្រាប់ ភ្នំពេញប៉ុស្តិ៍ ឲ្យដឹងដែរថា៖ «មិនមានអ្វីធំដុំទេទំនេរចេះតែធ្វើរកវាទៅ»។
លោក ហេង ប៊ុនលាភ មិនបង្ហាញបង្ហើបឲ្យដឹងពីវិសាលភាពនៃទុនចំណាយបើករបរលក់រថយន្តទំនើបៗនោះប៉ុន្មានទេ ខណៈដែលលោកគ្រាន់តែនិយាយបែបបង្ហើរថា៖ «សម័យឥឡូវរបរណាកប់ក៏រកទៅកុំឲ្យតែទៅរករបរណាដែលគេមិនគាំទ្រ»។
លោកបន្តថា៖ «ការលក់ឡាននេះឃើញថាសព្វថ្ងៃប្រទេសយើងមានភាពរីកចម្រើន របស់លក់ដូរក៏គេមានការចាប់អារម្មណ៍អ៊ីចឹងខ្ញុំក៏ឆ្លៀតដែរអ៊ីចឹងទៅ»៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/3836