This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

កុលសម្ព័ន្ធ​អាម៉ាហ្សូន​​ ស្រវឹង​រាល់​ថ្ងៃ​ ព្រោះ​ប្រពៃណី​ផឹកស្រា​សែន​ទន្លេ

Words
110
Reading
1 min
9y
Listen to this post
~1 min


ក្រុងប្រស៊ីលីយ៉ា: ស្ថិត​ក្នុង​ព្រៃ​ជ្រៅ​នៃ​តំបន់​អាម៉ាហ្សូន វា​ដល់​វេលា​ជាថ្មី​ទៀត​ហើយ នោះ​គឺ ម៉ោង​ផឹក​ស្រាបៀរ។

សមាជិក​កុលសម្ព័ន្ធ Waiapi ដ៏តូច និង​ដាច់​ស្រយាល ក្នុង​តំបន់​ព្រៃ​អាម៉ាហ្សូន ភាគ​ខាងកើត​ប្រទេស​ប្រេស៊ីល បាន​នាំគ្នា​លើក​ត្រឡោក​ឃ្លោក​អក​ស្រាបិត​ខ្លួនឯង​ដែល​ពួកគេ​បាន​ហៅ​ថា កាស៊ីរី។

ស្រាមួយ​ត្រឡោក​ដែល​លើក​ម្ដង​ឲ្យ​ដាច់​ត្រូវ​បាន​ដង​ចេញ​ពី​កន្លុក​ឈើ​សណ្ឋាន​ដូចជា​ទូក ដោយ​មាន​រសជាតិ​ជា​ស្រាបៀរ។

បុរស​កុលសម្ព័ន្ធ​ភូមិ​ម៉ានីល ហា ស្លៀកពាក់​ប៉ឹង​ក្រហម គំនូរ​សិល្បៈ​រាងកាយ​ពណ៌​ក្រហម និង​ខ្មៅ នឹង​ប្រែជា​ស្រវឹង​តែ​វ៉ែ​ភ្លាម។ ពិធី​ជប់លៀង ដែល​ចាប់ផ្ដើម​ក្រោយ​បាយ​ថ្ងៃត្រង់ និង​បន្ដ​ដល់​ពេល​រាត្រី ត្រូវ​បាន​ប្រារឰ​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ដួង​វិញ្ញាណ​ទន្លេ ដែល​ទាមទារ​ការ​គោរព​ប្រណិប័តន៍​ខ្ជាប់​ខ្ជួន។

ពេលធ្វើ​ពិធី​កាស៊ីរី ក៏មាន​តន្ដ្រី​ប្រគំ​អម។ បុរស​ជាច្រើន​នាក់​លេង​ឧបករណ៍​ខ្លុយ​ឫស្សី អ្នកខ្លះ​ច្រៀង និង​អ្នក​ចូល​ប្ដូរវេន​ផ្លុំ​ខ្លុយ​យក្ស​ប្រវែង ៣ ម៉ែត្រ។

Japarupi Waiapi បាន​និយាយ​ថា៖ «យើង​លេង​ខ្លុយ ដូច្នេះ វិញ្ញាណ​ទន្លេ ស៊ូស៊ូរី នឹង​រីករាយ និង​មិន​ព្យាបាទ​មនុស្ស​ពេល​ពួកគេ​ហែល​ទឹក​ឡើយ។ ទន្លេ​មាន​សារៈសំខាន់​ណាស់។ យើង​ត្រូវ​បាន​វា​ដើម្បី​នេសាទ និង​សម្អាត​វត្ថុ​ផ្សេង»។
<figure>Content image - Phnom Penh Post
<figcaption>ស្ត្រី​ត្រូវ​ដើរ​ឆ្លង​ទន្លេ និង​ឡើង​ភ្នំ​ដើម្បី​ប្រមូល​មើម​ក្ដួច​ដំឡូង​។ AFP</figcaption></figure>
កុលសម្ព័ន្ធ Waiapi រស់នៅ​ដោយ​ប្រមូល​ផល និង​បរបាញ់​ហើយ​ជីវភាព​គ្មាន​អគ្គិសនី ទូរស័ព្ទ រថយន្ដ ខោអាវ​ច្រើន​ជាប់​ខ្លួន ឬ​លុយ​កាក់​ឡើយ។

យ៉ាងណា​មិញ ពួកគេ​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​បំផុត​ដើម្បី​រក្សា​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្លួន។ ស្ដ្រី ដែល​ជាអ្នក​ផឹក​កាស៊ីរី​តិចតួច គឺជា​ទទួល​បន្ទុក​ផលិត​គ្រឿង​ស្រវឹង​នេះ។

កាស៊ីរី ត្រូវ​បាន​បិត​ចេញ​ពី​មើម​ក្ដួច ឬ​ដំឡូងជ្វា រំលេច​ពណ៌​លឿង​ស្រាល​ឬ​ស្វាយ​ខ្ចី។ ស្ដ្រី​ត្រូវ​ដើរ​ឆ្លង​ទន្លេ ឡើង​ភ្នំ​ដោយ​ស្ពាយ​កញ្ជើ​ត្បាញ​ពី​ស្លឹក​ដូង​វែង​សម្រាប់​ដាក់​មើម​ក្តួច។ មក​ដល់​ភូមិ​វិញ ពួកគេ​ដុះ​ខាត់ ស្ងោរ សម្រិត ពូត ដុត បិត ក្នុង​ដំណាក់កាល​ជាច្រើន​ដើម្បី​ប្រែ​មើម​ក្ដួច​ទៅ​ជា​ស្រា។

អេរីយ៉ាណា វៃ​អាម​ពី អាយុ ៤៨ ឆ្នាំ ដែល​លែង​ខ្លួន​អត់​មាន​ពាក់អាវ អ្នកស្រី និយាយ​ថា៖ «យើង​ជា​ស្ដ្រី​ភេទ និង​ជា​អ្នក​ប្រយុទ្ធ​តស៊ូ​រក​មើម​រុក្ខជាតិ»។

កាស៊ី​រី មិន​ត្រឹមតែ​ជា​ពិធី​ធ្វើ​ឲ្យ​បុរសៗ​ស្រវឹង​នោះ​ទេ ប៉ុន្ដែ​វាជា​ប្រពៃណី​ទប់ស្កាត់​យុវជន​ធ្វើ​ចំណាក​ស្រុក​ចេញ​ទៅ​ទីក្រុង​ទំនើប​នានា​នៅ​ប្រេស៊ីល។

Aka'upotye Waiapi អាយុ ៤៣ ឆ្នាំ ជា​កូន​ប្រុស​លោក​មេភូមិ បាន​និយាយ​ថា៖ «បាត់បង់​ស្រា កាស៊ីរី ដូច​បាត់បង់​វប្បធម៌»៕
<figure>Content image - Phnom Penh Post
<figcaption>ទឹក​ត្រូវ​បាន​ចាក់​ចូល​កន្លុក​ឈើ​ដើម្បី​បិត​ជា​ស្រាបៀរ​​។ AFP</figcaption></figure>
<figure>Content image - Phnom Penh Post
<figcaption>បុរស​កុលសម្ព័ន្ធ​ផឹកស្រា​ដោយ​មួយ​ត្រឡោក​លើក​ដាច់ៗ​។ AFP</figcaption></figure>

Source www.postkhmer.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/6874