នាយ ចឺម សម្រេចឈប់ពីក្រុមកំប្លែងងាកទៅពង្រឹងអាជីពជាតារាចម្រៀងនៅសាន់ដេ
ភ្នំពេញៈ ក្រោយពីអតីតជាតារាចម្រៀងប្រុសកំពូលប្រចាំផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្ត បានដើរចេញទៅរកទ្រនំថ្មីផលិតកម្មថ្មីហង្សមាសមកនោះ ឃើញថា រាសី និងឱកាសរបស់តារាចម្រៀងរលកក្រោយដែលផុសភាពល្បីពីវិស័យកំប្លែងនាយ ចឺម បានហក់ឡើងខ្លាំងនៅលើទ្រនំសាន់ដេ តែក៏ល្បីដែរថា បានលាឈប់ពីក្រុមកំប្លែងស៊ីធីអិនហើយ!
តារាកំប្លែងមានដុងតាំងពីក្មេងវ័យ ២២ ឆ្នាំ ដែលមានស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺ នាយ ចឺម គឺជាក្មួយប្រុសបង្កើតជាតារាកំប្លែងដ៏ល្បីនាយក្រូចនោះ ប្រាប់ភ្នំពេញប៉ុស្តិ៍ យ៉ាងច្បាស់ក្រឡែតថា៖ «ជាការពិតមែនហើយបង គឺថា រូបខ្ញុំពិតជាបានសម្រេចចិត្តឈប់ពីលេងកំប្លែងនៃក្រុមកំប្លែងប្រចាំទូរទស្សន៍ស៊ីធីអិន និងស៊ីអិនស៊ី នោះមែន!»។
នាយ ចឺម បន្តប្រាប់ពីមូលហេតុនៃការឈប់ពីក្រុមកំប្លែងនោះថា៖ «បន្ទាប់ពីមានការពិភាក្សាជាមួយនឹងអ្នកមានគុណ ដែលបានជួយលើកស្ទួយខ្ញុំតាំងពីក្មេងក្នុងការចូលលេងក្នុងក្រុមកំប្លែងគឺលោកតា វិចទ័រ នាពេលថ្មីៗនេះមក ខ្ញុំក៏សម្រេចចិត្តថាឈប់លេងកំប្លែងតែម្តង។ នៅខណៈពេលពិភាក្សាជាមួយលោកតា វិចទ័រ គាត់ក៏់បានលើកឡើង និងផ្តល់ជាដំបូន្មានដល់ខ្ញុំថា ប្រសិនបើពូជារូបក្មួយវិញនោះ នៅខណៈពេលនេះ អាជីពជាតារាចម្រៀងកំពុងតែល្បីដូច្នេះគឺ ពូប្រាកដជាឈប់លេងកំប្លែងហើយទៅផ្តោតលើអាជីពច្រៀងវិញជាមិនខានឡើយ។ គាត់ក៏បានលើកហេតុផលផ្សេងទៀតដែរថា ក្មួយនៅក្មេងអ៊ីចឹង ឱកាសចាប់យកអាជីពជាតារាចម្រៀងគឺពិតមានទីផ្សារល្អខ្លាំងសម្រាប់ក្មួយដែរនាពេលក្រោយ។ ម្យ៉ាងទៀត ក្រោយពីពេលដែលខ្ញុំក្លាយជាតារាចម្រៀងទទួលបានការគាំទ្រពីបងប្អូនប្រិយមិត្តច្រើនមកក៏បានធ្វើឲ្យខ្លួនឯងមានការគិតប្រៀបធៀបមួយរវាងការបង្ហាញខ្លួននៅឆាក ២ ខុសគ្នាគឺឆាកចម្រៀង និងឆាកកំប្លែង បានធ្វើឲ្យខ្ញុំកើតចេញនូវអារម្មណ៍មួយថ្មីផងដែរគឺអារម្មណ៍អៀនលើរូបខ្លួនឯង។ជាពិសេសនឹកឃើញពីរបៀបស្លៀកពាក់នៅពេលលេងកំប្លែងនឹងឃើញរូបភាពខ្លួននៅលើឆាកចម្រៀង ឬនៅពេលច្រៀងក៏នឹកឃើញរូបភាពនៅលើឆាកកំប្លែងនោះឯង»។
ទោះជាយ៉ាងណា ការសម្រេចចិត្តលាឈប់ពីក្រុមកំប្លែងនេះ មិនមែនមកពីមូលហេតុនៃភាពខុសឆ្គងណាមួយរបស់នាយ ចឺម នោះឡើយ។ ឆ្លៀតឱកាសនេះ នាយ ចឺម ដែលមានឈ្មោះពិតថា សុខ មេសា តារាចម្រៀងថ្មីរបស់សាន់ដេ ដែលកំពុងតែល្បី និងស្រូបយកបាននូវប្រជាប្រិយភាពពីអ្នកគាំទ្រដែលជាយុវវ័យខ្លាំងនាពេលនេះ ដោយសារមានតម្លៃខ្លួនច្រៀងនៅក្នុងកម្មវិធីប្រគំតន្ត្រីតាមខេត្តនានាតែម្តង ដោយមានចំនួនចន្លោះ ១០០០ ដុល្លារ ទៅដល់ ១ ៥០០ ដុល្លារ នោះ ក៏សុំថ្លែងអំណរគុណទៅកាន់អ្នកគ្រប់គ្រងក្រុមកំប្លែងជាឆ្នាំងបាយចាស់ និងសមាជិកក្រុមកំប្លែងផងដែរថា៖ «ខ្ញុំមានថ្ងៃនេះ ក៏ដោយសារតែមានការផ្តល់ឱកាសពីលោកតា វិចទ័រ ដែលបានទទួលយក និងបណ្តុះបណ្តាលខ្ញុំឲ្យចូលរួមក្នុងក្រុមកំប្លែងតាំងពីតូចមកម្ល៉េះ។ ចំណែកសមាជិកក្រុមវិញ ជាពិសេសនោះ ពូ និងមីង របស់ខ្ញុំគឺពូក្រូច និងមីង អ៊ីត តែម្តង ដែលបានមើលថែទាំខ្ញុំដូចឪពុកម្តាយបង្កើត» ៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/6694