ការប្រកួតដណ្ដើមជើងឯកគោជល់របស់ស្ថានីយទូរទស្សន៍ CNC បានឈានដល់រដូវកាលទី៨ ហើយដោយក្នុងថ្ងៃបើកឆាកការប្រកួតសន្សំពិន្ទុលើកទី១ នេះ អ្នកប្រដាល់កណ្ដាប់ដៃថ្ម រឿង សោភ័ណ្ឌ វាយមួយដៃធ្វើឲ្យកីឡាករថៃ ណាត់ថៈគាត ប្រានឈំភុន សន្លប់ធំត្រឹមទឹកទី២ កាលពីយប់មិញនេះ។
<figure>
<figcaption>រឿង សោភ័ណ្ឌ</figcaption></figure>
កម្មវិធីប្រកួតរបស់ CNC រដូវកាលទី៨ ខាងលើនេះឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធគុនខ្មែរបានឲ្យដឹងថា លោកពិតជាកោតសរសើរដល់ការរៀបចំរបស់ស្ថានីយ ក្នុងការជួយអភិវឌ្ឍន៍វិស័យប្រដាល់។ លោកសូមសំណូមពរដល់ក្រុមចៅក្រម អាជ្ញាកណ្ដាល បន្តការខិតខំប្រឹងប្រែងទាំងនេះ ពិសេសធ្វើការកាត់ក្ដីវិនិច្ឆ័យឲ្យបានត្រឹមត្រូវបំផុត ជៀសវៀងការកាន់ជើង។
<figure>
<figcaption>ឯកឧត្ដម តែម ម៉ឺន (កណ្ដាល) លោក ហួរ រតនៈ (ស្ដាំ)</figcaption></figure>
ជាមួយគ្នានោះលោក ហួរ រតនៈ ប្រធានផ្នែកទីផ្សាររបស់ស្ថានីយទូរទស្សន៍ CNC បាននិយាយថា លោកពិតជាអរគុណដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរកម្ពុជា ដែលបានអនុញ្ញាតរាល់ការសំណូមពររបស់ស្ថានីយក្នុងការនាំយកកីឡាករប្រដាល់ល្អៗ មកធ្វើការប្រកួតនៅស្ថានីយមួយនេះ។ លោកសន្យាថា នឹងបន្តប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយវិស័យប្រដាល់ឲ្យមានការរីកចំរើន។
ការប្រកួតដណ្ដើមជើងឯកគោជល់រដូវកាលទី៨ នេះមានកីឡាករកម្ពុជាចំនួន ៤ រូបរួមមាន រឿង សោភ័ណ្ធ សរ រាជសីហ៍ ឡុង សុវណ្ណឌឿន និង ផុន ផាន់ណា ។ ភាគីថៃមាន ណាត់ថៈគាត ប្រានឈំភុន, ហ្វម៉ាំងកន ស៊ីតប៉ានសក្តិ, អូប៉ សថវីស៊ីត និង ណាំខៈបួន តួងប្រាសាទហ៊ីន។
ក្នុងថ្ងៃប្រកួតសន្សំពិន្ទុកាលពីយប់មិញនេះកម្ពុជា រឿង សោភ័ណ្ឌ ផ្ដួល ណាត់ថៈគាត ប្រានឈំភុន ឲ្យសន្លប់ទឹកទី២ ខណៈ សរ រាជសីហ៍ ចាញ់ពិន្ទុ ហ្វម៉ាំងកន ស៊ីតប៉ានសក្តិ៕
<figure>
<figcaption>សរ រាជសីហ៍ និងកីឡាករថៃ</figcaption></figure>
<figure>
</figure>
វីដេអូ រឿង សោភ័ណ្ឌ ផ្ដួលថៃ