ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អះអាងថា រដ្ឋាភិបាលនឹងខាតបង់ជាង ៤០ លានដុល្លារក្នុងមួយឆ្នាំ លើការអនុគ្រោះដល់វិស័យកាត់ដេរ ដែលជាការបន្ធូរបន្ថយបន្ទុកដល់និយោជក ឬ ម្ចាស់រោងចក្រពីសម្ពាធនៃការដំឡើងប្រាក់ឈ្នួល ខណៈជាមួយគ្នានេះ លោកក៏បានប្រកាសថា មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរ៍នឹងបង្កើនដល់ ៣០០ ដុល្លារផងដែរ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ក្នុងចំណោមថវិកាដែលខាតបង់ជាង ៤០ លានដុល្លារនោះ គឺដោយសារការអនុគ្រោះលើពន្ធកាន់ទុក (ដោយពន្យារពេលរហូតដល់ឆ្នាំ ២០២២) និងកម្រៃការត្រួតពិនិត្យលើការនាំចេញ ដែលកាំកុងត្រូលត្រូវបាត់បង់ប្រមាណជាង ២៤ លានដុល្លារ ដើម្បីដោះបន្ទុកពីនិយោជក ជាម្ចាស់រោងចក្រនានាពីសម្ពាធនៃការដំឡើងប្រាក់ឈ្នួល។
ការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងមួយសប្តាហ៍បន្ទាប់ពី សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីសប្តាហ៍មុនបានស្នើឲ្យរដ្ឋាភិបាលជួយសម្រួលលើ ៣ ចំណុច រួមមានការកាត់បន្ថយកម្រៃគ្រប់គ្រងការនាំចេញ ឲ្យបានពាក់កណ្ដាលពីតម្លៃបច្ចុប្បន្ន ( EMF) កាត់បន្ថយតម្លៃអធិការកិច្ចពីកាំកុងត្រូលឲ្យមកដូចគ្នានឹងតម្លៃអធិការកិច្ចរបស់គយ និងទីបីពន្យារពេលអនុវត្តការបង់មុននៃពន្ធលើប្រាក់ចំណេញ ១ ភាគរយរយៈពេល ៥ ឆ្នាំទៀត គឺពីឆ្នាំ ២០១៨-២០២២។
មិនអាចទាក់ទងមន្ត្រី GMAC បានទេកាលពីថ្ងៃម្សិលមិញ។
ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០១៨ បានកើនឡើងដល់ ១៧០ ដុល្លារ ក្នុងនោះ ១៦៥ ដុល្លារត្រូវបានឯកភាពរវាងកម្មករ និងនិយោជិត ខណៈ ៥ ដុល្លារជាការបន្ថែមរបស់រដ្ឋាភិបាល ដែលលោកនាយករដ្ឋមន្ត្រីអះអាងថាការបន្ថែម ៥ ដុល្លារនេះនឹងធ្វើឲ្យរដ្ឋាភិបាលខាតបង់ជាង៤០លានដុល្លារក្នុងមួយឆ្នាំ។
លោកថ្លែងថា៖ «ដើម្បីបានទៅដល់ ១៧០ ដុល្លារអាមេរិកនេះ គឺរាជរដ្ឋាភិបាលក៏ត្រូវបន្ថែមជូនចំនួន ៥ ដុល្លារ ៥ ដុល្លារតើបានមកពីណា ដើម្បីយើងជូនទៅឲ្យវិស័យឯកជន មានផ្នែក ២ ដែលរាជរដ្ឋាភិបាលត្រូវលះបង់ប្រមាណជា ៤០ លានដុល្លារក្នុងមួយឆ្នាំនោះគឺពន្ធកាត់ទុក ដែលត្រូវពន្យាររហូតទៅដល់ឆ្នាំ ២០២២ នេះជាចំណុចទី ១ ហើយចំណុចទី ២ គឺ អំពីកម្រៃនៃការត្រួតពិនិត្យលើការនាំចេញ ដែលកាំកុងត្រូលត្រូវបាត់បង់ប្រមាណជាង ២៤ លានដុល្លារ ដូច្នេះ២ផ្នែកនេះ រាជរដ្ឋាភិបាលត្រូវបាត់បង់ដើម្បីកុំឲ្យទម្ងន់នេះធ្លាក់ធ្ងន់ពេកទៅលើនិយោជក ម្ចាស់រោងចក្រ»។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះធ្វើឡើងនៅពិធីផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ នៅវិមានសន្តិភាព។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាជាតិ បានលើកឡើងកាលពីម្សិលមិញថា ការដំឡើងប្រាក់ឈ្នួលគោលអប្បបរមាដល់បុគ្គលិកឲ្យដល់ ១៧០ ដុល្លារក្នុងមួយខែជាការល្អ ដែលនឹងរួមចំណែកកែលម្អស្ថានភាពនៃការរស់នៅរបស់បុគ្គលិកក្នុងឧស្សាហកម្មនេះ ព្រមទាំងជួយបង្កើនផលិតភាព និងប្រសិទ្ធភាពការងាររបស់ពួកគេ។
តែទន្ទឹមនេះ លោកបញ្ជាក់ថា ម្ចាស់រោងចក្រនឹងត្រូវប្រឈមថ្លៃធ្វើអាជីវកម្មខ្ពស់ជាងមុន និងការរ៉ាប់រងបន្ទុកធំជាងមុន។
លោកបន្តថា៖ «ការដំឡើងប្រាក់ខែដល់បុគ្គលិក ជាបន្ទុករបស់វិនិយោគិន ដូច្នេះវាជាការសមហេតុផលដែលរដ្ឋាភិបាលសម្រេចចិត្តខាតបង់ខ្លះ ដើម្បីជួយបន្ទាបថ្លៃធ្វើពាណិជ្ជកម្មដើម្បីរក្សាឧស្សាហកម្មនេះឲ្យបន្តរីកចម្រើន»។
លោកថ្លែងថា៖«ខ្ញុំជឿថា ចំនួននេះមិនច្រើនទេសម្រាប់រដ្ឋាភិបាល ហើយគាត់នឹងមានវិធីសាស្ត្រផ្សេងដើម្បីប៉ះប៉ូវការខាតបង់នេះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏លើកឡើងដែរថា រដ្ឋាភិបាលនឹងដំឡើងមូលដ្ឋានគិតពន្ធពី ២០០ ដុល្លារ ទៅ ៣០០ ដុល្លារសម្រាប់ឆ្នាំ ២០១៨។ មានន័យថា ប្រាក់ខែពី ៣០០ ដុល្លារឡើងទៅទើបជាប់ពន្ធ។
លោកបន្តថា៖«អត្ថប្រយោជន៍នេះមិនមែនតែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនោះទេ ប៉ុន្តែវាបានទូទៅទៅដល់កម្មករ ទៅដល់គ្រប់ផ្នែកដែលមានបៀវត្សរ៍ វាក៏ផ្ដល់ផងដែរនៅក្នុងវិស្ស័យឯកជន។ ឥឡូវអាចនិយាយបានថា ចាប់ពី ៣០០ ដុល្លារចុះក្រោមគឺអត់មានជាប់ពន្ធទេ»។
មូលដ្ឋានគិតពន្ធបានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពី ៥០ ម៉ឺនរៀល ដល់ ៨០ ម៉ឺន រៀលក្នុងឆ្នាំ ២០១៦ និងទៅដល់ ១,២ លានរៀលនៅក្នុងឆ្នាំ ២០១៧។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «អ៊ីចឹងនេះគឺជាការសម្រួលមួយសម្រាប់ប្រាក់ចំណូលដែលទទួលបានពីការដំឡើង[ប្រាក់បៀវត្សរ៍] ដែលមិនត្រូវបានបង់ត្រឡប់មកវិញសម្រាប់រដ្ឋនោះទេ»។
លោកបន្ថែមថា រដ្ឋាភិបាលនឹងបញ្ជូនសំណើរបស់ខ្លួនទៅសភាដើម្បីសម្រេចអនុម័តជាចុងក្រោយ។
លោកបានថ្លែងបន្ថែមទៀតថា៖ «សង្ឃឹមថា សមាជិករាជរដ្ឋាភិបាលគឺត្រូវតែគាំទ្រ តែសំខាន់គឺរដ្ឋសភាដែលនឹងផ្ដល់ការគាំទ្រលើបញ្ហានេះ ព្រោះវាត្រូវស្ថិតក្នុងច្បាប់ថវិកាហ្នឹងតែម្ដង ហើយយើងនឹងអនុវត្តចាប់ពីខែមករា ២០១៨ តទៅ»។
តំណាងរាស្ត្រគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាដែលកំពុងប្រឈមនឹងជោគវាសនាមិនប្រាដកប្រជា ដែលនឹងអាចឈានដល់ការរំលាយចោលបានស្វាគមន៍ចំពោះវិធានការនេះ។
លោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថ្លែងថា៖ «ខ្ញុំយល់ថាមិនមានអីខុសទេ ព្រោះជីវភាពអ្នកប្រាក់ខែ ១ លាន ឬត្រឹម ១ លាន ២ សែននេះ វាតិចមែនទែន»។
តែលោកថា រដ្ឋាភិបាលគួរគិតពន្ធលើប្រាក់បៀវត្សរ៍នេះចាប់ពី ១៥០០ ០០០ រៀល ទើបសមាមាត្រទៅនឹងស្ថានភាពសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ន៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/3847